អគ្គិភ័យឆាបឆេះផ្ទះលក់ឧបករណ៍ក្មេងលេងនៅផ្សារតាខ្មៅ ខូចខាតអស់ជិត១០ម៉ឺនដុល្លារ
កណ្ដាល៖ អគ្គិភ័យបានឆាបឆេះផ្ទះល្វែងមួយខ្នង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់គ្រឿងឧបករណ៍ក្មេងលេង យីហោរ អ៊ឹង កែវស្រេង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៣ ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
ឯកឧត្តមឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ អ៊ឹង កែវស្រេង ភេទប្រុស អាយុ៨០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។ ចំពោះសម្ភារខូចខាតរួមមាន៖ ទី១)ផ្ទះមួយល្វែងខូចខាតអស់ ៤០% ទី២)ខូចខាតសម្ភារគ្រឿងជ័រសម្រាប់ក្មេងលេង និងសម្ភារនៅក្នុងផ្ទះឆេះអស់ទាំងស្រុង។ ឯកឧត្ដមបានបញ្ជាក់ទៀតថា ករណីនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ឯកឧត្ដមស្នងការបានបន្តទៀតថា នៅពេលហេតុ ម្ចាស់ផ្ទះបានចាក់សោផ្ទះទុកចោល ចេញទៅក្រៅបាត់។ នៅពេលនោះ ក៏បានទុស្សេខ្សែភ្លើងនៅជាន់ក្រោម បណ្តាលឲ្យឆាបឆេះផ្ទះ និងសម្ភារគ្រឿងជ័រសម្រាប់ក្មេងលេងដែលទុកនៅក្នុងផ្ទះឆេះរាលដាលតែម្ដង។ បន្ទាប់ពីមានហេតុការណ៍នកើតឡើងភ្លាម ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានរាយការណ៍ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចេញរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង បាញ់ ពន្លត់ ដែលដឹកនាំដោយ លោកវ:សេនីយ៍ឯក អុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្តាល និងលោកវរសេនីយ៍ឯក សរ កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ចុះជួយអន្តរាគមន៍ជួយពន្លត់ និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន១៥រថយន្ត និងរថយន្តពន្លត់អគ្គិសភ័យ របស់កងអង្គរក្សចំនួន៨គ្រឿង ប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន២៤គ្រឿង សរុបរថយន្តបាញ់ទឹកពន្លត់ជាស្ថាពរ អស់ទឹកចំនួន៣៩គ្រឿង។
ឯកឧត្ដមឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ទៀតថា បើយោងតាមការសនិដ្ឋានរបស់លោកវរសេនីយ៍ឯក អុល ប៊ុណ្ណា ស្នងការរងទទួលផែនពន្លត់អគ្គិភ័យ បាបបញ្ជាក់ថា នៅក្នុងករណីនេះ ក្រុមពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគបាលខេត្តកណ្ដាល និងក្រុមពន្លត់អគ្គិភ័យ កងអង្គរក្ស បានបាញ់ពន្លត់ដោយជោគជ័យនៅម៉ោង១៩និង៤៥នាទី ក្នុងថ្ងៃដដែល ហើយការឆាបឆេះនេះ បណ្ដាលមកពីម្ចាស់ផ្ទះ ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យទុស្សេខ្សែភ្លើង ឆេះរាលដាលអស់បែបនេះ ហើយការខូចខាត សរុបជាទឹកប្រាក់អស់ជិត១០ម៉ឺនដុល្លារ៕ម.ន ដោយៈ ខាត់ សុខខឿន