ព្រះតេជគុណ ច័ន្ទ សុភាព សន្យាចូលរួមបរិច្ចាគទេយ្យទាន និងបច្ច័យរាល់ខែ ជាមួយកាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ ដើម្បីជួយជនងាយរងគ្រោះតាមមូលដ្ឋាន

ភ្នំពេញ៖ ក្រោយពីចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្ដាខេត្តនានា ខាងផ្នែកព្រះពុទ្ធសាសនា ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ព្រះតេជគុណ ច័ន្ទ សុភាព ដែលគង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានសន្យាបន្តជួយឧបត្ថម្ភទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងបច្ច័យ ចំនួន២លានរៀលរៀងរាល់ខែ ជូនសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ ដើម្បីតម្កល់ទុកជួយប្រជាពលរដ្ឋងាយរងគ្រោះតាមមូលដ្ឋាន។

ក្នុងពិធីប្រគល់ និងទទួលទេយ្យទាន និងបច្ច័យ (ថវិកា) នៅសាលាខណ្ឌឬស្សីកែវ នាល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនាមប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លោក ជា ពិសី តំណាងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ច័ន្ទ សុភាព ដែលបានផ្ដល់ជូននូវវប្បធម៌ចែករំលែក មកដល់អនុសាខាខណ្ឌ ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។

ក្រៅពីការថ្លែងអំណរគុណ លោក ជា ពិសី បានថ្លែងថា លោកនឹងបន្តនាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារដែលព្រះតេជគុណបានឧបត្ថម្ភជួយមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ក្នុងការចូលរួមលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យស្របតាមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា។

ព្រះតេជគុណ ច័ន្ទ សុភាព បានមានសង្ឃដីកាថា សម្រាប់ទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ និងសម្ភារ ដែលនាំយកមកប្រគេនដល់អនុសាខាកាកបាទក្រហមកម្ពុជា និងត្រូវបានជួយផ្ដល់ជាបន្តបន្ទាប់ទៀត ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីសហការបរិច្ចាគនូវវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ។

លើសពីនេះ ព្រះតេជគុណ ច័ន្ទ សុភាព បានមានសង្ឃដីកាទៀតថា សម្រាប់ទេយ្យទាន ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ នាពេលនេះរួមមាន៖ អង្ករ១តោន ទឹកស៊ីអ៊ីវ១០០យួរ ទឹកត្រី១០០យួរ ទឹកសុទ្ធ១០០យួរ និងថវិកា (បច្ច័យ) ចំនួន២លានរៀល និងត្រូវបន្តជួយឧបត្ថម្ភជារៀងរាល់ខែ៕ម.ន ដោយៈ ហាស់ កំសាន្ដ

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner