ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ចុះសាកសួរសុខទុក្ខ សិស្សនាយ នាយនគរបាលរង សាលាភូមិភាគ៦
ខេត្តពង់ឆ្នាំង៖ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា មានប្រសាសន៍ថា កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ជាគោលដៅយ៉ាងសំខាន់ក្នុងការពង្រឹងគុណភាពប្រសិទ្ធភាព ក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឧត្តមអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនាយ នាយនគរបាលរង នៅសាលាភូមិភាគ៦ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងតាមផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងផែនការជ្រើសរើសមន្ត្រីនគរបាលបន្តវេនប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ ដើម្បីធានាបាននូវនិរន្តភាពការងារ ទាំងក្នុងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ម្យ៉ាងវិញទៀត ផ្អែកតាមព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌនគរបាលកម្ពុជា បេក្ខជនប្រឡងជាប់ក្នុងក្របខ័ណ្ឌក្មេងទាំងអស់ត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលបឋមជាចាំបាច់។ ក្នុងរយៈពេលសិក្សាប្អូនមិនទាន់ក្លាយជាមន្ត្រីនគរបាលពេញសិទ្ធិនៅឡើយនោះទេ គឺជាសិស្សនគរបាលតែប៉ុណ្ណោះ លុះត្រាតែប្អូនប្អូនទទួលបានជោគជ័យក្នុងការសិក្សារយៈពេល៤ខែនេះ ទើបទៅបានតាំងស៊ប់ក្នុងក្របខ័ណ្ឌនគរបាលជាតិបាន។
ការបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភា បានផ្ដោតសំខាន់លើគុណភាព ទាំងជំនាញរឹង និងជំនាញទន់ ហេតុនេះបណ្ឌិត្យសភា បានខិតខំអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដោយបានដាក់ចេញនូវបទបញ្ញត្តិ ផែនការយុទ្ធសាស្ត្រផែនការសកម្មភាព និងកម្មវិធី កំណែ ទម្រង់ច្បាស់លាស់ ការប្រកបដោយគំនិតច្នៃប្រឌិត និងការវានុភាព ដើម្បីកសាងវប្បធម៌គុណភាពស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ព្រមទាំងលើកកិត្យានុភាព និងឧត្ដមភាព ដែលអាចប្រៀបធៀបជាមួយស្ថាប័នបណ្ដុះបណ្ដាលកងកម្លាំងនគរបាលនៃប្រទេសនានា។
ជាចុងក្រោយ ឯកឧត្តម បានណែនាំដល់សិស្សនាយនាយនគរបាលទាំងអស់ បន្តយកចិត្តទុកដាក់គោរពវិន័យ ខិតខំសិក្សារៀនសូត្រ ឲ្យបានជោគជ័យ និងត្រូវខិតខំប្រឹងប្រែងជួយខ្លួនឯង ដោយប្រកាន់យកទស្សនៈរៀនឱ្យចេះ មិនមែនរៀនឲ្យចប់នៅឡើយ ដើម្បីធ្វើខ្លួនឲ្យក្លាយជាមន្រ្តីនគរបាលល្អមានសមត្ថភាពវិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋលើវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
គួរបញ្ជាក់ថា យោងរបាយការណ៍របស់លោក តុង អាន នាយកសាលានគរបាលភូមិភាគ៦ បានឲ្យដឹងថា វគ្គនេះ មានសិស្សនាយ នាយនគរបាលរង ចូលមកសិក្សាចំនួន១៤០នាក់ (ស្រី១១នាក់) ក្នុងនោះមកពីនាយកដ្ឋានបុគ្គលិក នាយកដ្ឋាននគរបាលការពារ និងអង្គភាពអន្តរាគមន៍៕ធ.ដ