ជិះម៉ូតូរត់គេចពីការដេញកាប់របស់គូជម្លោះ ជ្រុលទៅបុកគូទរថយន្ត របួសធ្ងន់ស្រាលពីរនាក់
ភ្នំពេញ៖ ក្មេងស្ទាវ២នាក់រងរបួសធ្ងន់មួយស្រាលមួយ បន្ទាប់ពីជិះម៉ូតូលឿនទៅបុករថយន្តពីក្រោយ ដោយសារខ្លាចក្មេងស្ទាវមួយក្រុមទៀតកាប់ត្រូវ កាលពីម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅស្តុបឌុយម៉ិច ផ្លូវលេខ១០៩ កែងនឹងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ឈ្មោះ គា ទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដេកៅអីសាឡុង នៅជិតផ្សារអូរឫស្សី រស់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងជនរងគ្រោះទី២ដែលរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ អ្នកទាំងពីរជិះម៉ូតូឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GV.6762។
យោងតាមសម្តីជនរងគ្រោះបានឲ្យដឹងថា ដំបូងឡើយរូបគេ និងមិត្តភក្តិចំនួន៨នាក់ បាននាំគ្នាចូលរាំលេងក្នុងក្លិប ហ្គោល នៅម្តុំផ្សារដីហ៊ុយ។ ពេលដែលកំពង់រាំលេងរូបគាត់ក៏ក្រឡេកភ្នែកមើលទៅក្មេងស្ទាវមួយក្រុមទៀតដែលមានគ្នា៧ទៅ៨នាក់រាំក្បែរនោះ ហើយរូបគាត់មិនចាំអារម្មណ៍ថាពួកគេគុំវ៉ៃសោះ។
ពេលដែលចេញមកវិញ ពួកគាត់ក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ចេញពីក្លិបបានបន្តិច ស្រាប់តែក្រុមក្មេងស្ទាវនោះ បានជិះម៉ូតូ៥ទៅ៦គ្រឿងបានដេញកាប់រូបគេទាំង២នាក់ បើករត់ទាំងភ័យស្លន់ស្លោរ រហូតដល់កន្លែងកើតហេតុខាងលើ ក៏បុករថយន្តព្រូសមិនចាំស្លាកលេខ បណ្តាលឲ្យដួលរងរបួសធ្ងន់មួយស្រាលមួយ។
ភ្លាមៗរថយន្តដែលជនរងគ្រោះបុកក៏បានបើកចេញទៅបាត់ ព្រមទាំងក្មេងស្ទាវដែលដេញកាប់ក៏បោះដាវចោលចំនួន២ដើមនៅកន្លែងកើតហេតុ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏ឲ្យជនរងគ្រោះដែលរងរបួសធ្ងន់ទៅមន្ទីពេទ្យព្យាបាលផងដែរ។ ដោយឡែកជនរងគ្រោះម្នាក់ទៀត ដែលរងរបួសស្រាលឲ្យទៅប៉ុស្តិ៏នគរបាលរដ្ឋបាលមនោរម្យដើម្បីសួរនាំ កំណត់ មុខសញ្ញាជនសង្ស័យ តាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ធ.ដ
ដោយ៖ ជីម ភារ៉ា