សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស នឹងចូលរួម​កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩

        សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៧និង៤៥នាទី ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវនឹងម៉ោង២២និង៤៥នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីចំណាយពេលនៃការហោះហើរប្រមាណ ១៤ម៉ោងរួចមក។ នៅអាកាសយានដ្ឋានអន្តរជាតិហ្សឺណែវ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ និងគណះប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើ គារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ ពីសំណាក់ថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក ថ្នាក់ដឹកនាំរដ្ឋាភិបាលស្វីស ឯកឧត្តម ណី សំអុល ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធស្វីស និងជាតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ប្រចាំទីក្រុងហ្សឺណែវ ឯកឧត្តម ថៃ ប៊ុនថន ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងអស់លោក លោកស្រី ជាឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធស្វីស និងប្រចាំអង្គការពិណិជ្ជកម្មពិភពលោកជាច្រើនរូប។ វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ នឹងប្រារព្វធ្វើឡើង​​នៅថ្ងៃទី និងទី៤កក្កដា។ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាភ្ញៀវពិសេសរបស់ឯកឧត្តម រ៉ូប៊ែតូ អាហ្សេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្តេចតេជោនឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម ក្រោមប្រធានបទ ការគាំទ្រដល់ការធ្វើពិពិធកម្ម និងការផ្តល់អំណាចសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយះជំនួយសម្រាប់ពាណិជកម្ម ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការរៀបចំគោលនយោបាយពាណិជ្ជកម្ម និងជោគជ័យនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្រោយពេលដែលកម្ពុជាក្លាយជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក កាលពីឆ្នាំ២០០៤ ព្រមទាំងតួនាទីរបស់កម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងការទ្រទ្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្តរក្សាមាគ៌ាសេរីភាវូបនីយកម្មជាសកល នៅទីស្នាក់ការកណ្តាលអង្គការពាណិជ្ជកម្មពិភពលោក ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះចំនួន២ទៀត ក្នុងនោះទី១ ថ្លែងក្នុងព្រឹត្តិការណ៍សង្គមវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក និងទី២ថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធមនុស្ស អង្គការសហប្រជាជាតិលើកទី៤១ ក្នុងឱកាសនៃការស្នាក់អាស្រ័យ នៅទីក្រុងហ្សឺណែវនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបសន្ទនាការងារដាច់ដោយឡែកៗពីគ្នា ជាមួយលោកបណ្ឌិត រតនាការ អាឌីការី (Ratanakar Adhika​ri)​នាយកប្រតិបត្តិ នៃក្របខណ្ឌពង្រឹងសមារណកម្មពាណិជ្ជកម្ម ឯកឧត្តម វិល ស្គិនណារី (Ville Skinnari) រដ្ឋមន្រ្តីសហប្រតិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្វាំងឡង់ លោកជំទាវ មិឆែល បាឆេឡេ (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួល​​បន្ទុកសិទ្ធមនុស្ស និងជួបសន្ទនាជាមួយក្រុមហ៊ុនធំៗចំនួនរបស់ស្វីស មុននឹងជួបសំណេះសំណាលជាមួយ នឹងតំណាងសហគមន៍ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ ប្រមាណ៧០០នាក់ រស់នៅសហព័ន្ធស្វីស និងមកពីប្រទេសមួយចំនួនរបស់ សហភាពអឺរ៉ុប។ សូមបញ្ជាក់ដែរថា នៅសណ្ឋាគារហ្រ្គេន ខេមភីនស្គី យេនីវ៉ា ដែលជាទីកន្លែងស្នាក់អាស្រ័យបំពេញការងារ របស់សម្តេចតេជោនៅទីក្រុងហ្សឺណែវ វត្តមាននៃការអញ្ជើញដល់ របស់សម្តេចនិងគណះប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ ពីសំណាក់សហគមន៍ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ រស់នៅសហព័ន្ធស្វីស និងនៅសហភាពអឺរ៉ុបជាច្រើនរូប។ ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរទាំងអស់ បានសំដែងនូវការគោរពស្រឡាញ់ និងការនឹករលឹកយ៉ាងពន់ពេក ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមបំផុត របស់ព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានចំណាយនូវបញ្ញាញាណ កម្លាំងកាយ ថាមពល និង ពេលវេលាជាងពាក់កណ្តាលជីវិតរបស់សម្តេច ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ពិ សេសការបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់បំផុត ក្នុងការពារយ៉ាងប្តូរផ្តាច់រាល់ការរំលោភបំពាននានា ពីសំណាក់បរទេសមកលើបូរណភាពទឹកដី អធិបតេយ្យជាតិ ឯកភាពជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយះពេលជាង២ទសវត្សចុងក្រោយនេះ បន្ទាប់ពីការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីជាប្រមុខ ដឹកនាំ ដ៏ឆ្នើមនៅកម្ពុជា។ សូមបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តីបានចំណាយពេលប្រមាណ ៣០នាទី ក្នុងការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធបំផុត ជាមួយប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ ដែលមានវត្តមានទទួលស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសដ៏វិសេសវិសាលបំផុតនោះ។ នៅក្នុងវត្តមានដ៏កម្រនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថតសែលហ្វីជាមួយប្រជា ពលរដ្ឋ សិស្ស និស្សិតខ្មែរទាំងអស់ ក្នុងមោទនភាពជាតិខ្មែរ ដែលថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋគឺ ជា កូនចៅតែមួយ។   ចំពោះព័ត៌មានពិស្តារស្តីពីសកម្មភាព សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ទូរទស្សន៍អប្សរា នឹងផ្សាយបន្តបន្ទាប់ទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner