សកម្មជនរាប់រយនាក់តវ៉ានៅខាងក្រៅរោងចក្រ Tesla របស់អាល្លឺម៉ង់

ប៊ែរឡាំង៖ ប៉ូលីសនិយាយថា ក្រុមការពារបរិស្ថានជាង ១.០០០នាក់បានតវ៉ានៅខាងក្រៅរោងចក្រ Tesla នៅជិតទីក្រុងប៊ែរឡាំង កាលពីថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ពីពួកគេមួយចំនួនបានព្យាយាមសម្រុកចូលទៅក្នុងរោងចក្រ។

ក្រុមបាតុករ អមដោយប៉ូលីសដ៏ច្រើនសន្ធឹកសន្ធាប់ បានបង្ហាញបដាប្រឆាំងក្រុមហ៊ុន Tesla និងប្រឆាំងមូលធននិយម ហ៊ុព័ទ្ធដោយវត្តមានប៉ូលិសដ៏រឹងមាំ។ អ្នករៀបចំការតវ៉ាបានអះអាងថា ពួកគេមានគ្នាប្រហែល ២.០០០នាក់។ ការតវ៉ាប្រឆាំងនឹងរោងចក្រ Tesla បានកើនឡើងចាប់តាំងពីខែកុម្ភៈ។

ក្រុមសកម្មជនបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងផែនការពង្រីករោងចក្រ Tesla នៅទីតាំង Gruenheide ដែលបានបើកដំណើរការក្នុងឆ្នាំ២០២២។ Tesla ចង់ពង្រីកទីតាំងនេះ ដល់ ១៧០ហិកតា និងជំរុញការផលិតរថយន្តរហូតដល់ ១លានគ្រឿងក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការរថយន្តអគ្គិសនីដែលកំពុងកើនឡើងរបស់អឺរ៉ុប។

ប៉ុន្តែទីតាំង Gruenheide ភាគអាគ្នេយ៍នៃរដ្ឋធានីរបស់អាល្លឺម៉ង់ គឺស្ថិតនៅជិតព្រៃអភិរក្ស ដូច្នេះហើយទើបមានការព្រួយបារម្ភអំពីការប្រើប្រាស់ទឹក។ សកម្មជនម្នាក់បាននិយាយថា ប្រជាជនដែលរស់នៅទីនេះ កំពុងបាត់បង់មធ្យោបាយចិញ្ចឹមជីវិតរបស់ពួកគេ ដោយសារតែពួកគេលែងមានទឹកស្អាតបរិភោគ។ គុណភាពនៃទឹកកាន់តែយ៉ាប់យ៉ឺន។

រោងចក្រនេះមានផ្ទៃដីប្រហែល ៣០០ហិកតារួចហើយ ដែលមានបុគ្គលិកប្រហែល ១២.០០០ នាក់។ រោងចក្រនេះបានផលិតរថយន្តស្ព័រ Model Y ដែលជាម៉ូដែលលក់ដាច់ខ្លាំងរបស់ក្រុមហ៊ុន Tesla សម្រាប់ទីផ្សារអឺរ៉ុប៕

ប្រភព៖ AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner