កូរ៉េខាងជើងហៅជំនួបរវាងលោក ត្រាំ និងលោក គីម ថាជាការបង្កើតប្រវត្តិសាស្រ្ត និងជារឿងដ៏អស្ចារ្យ
កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅថ្ងៃចន្ទម្សិលមិញ បានរៀបរាប់អំពីជំនួបឥតព្រាងទុកកាលពីចុងសប្តាហ៍មុននេះ រវាងមេដឹកនាំកំពូលរបស់ខ្លួន ជាមួយនឹងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅតំបន់គ្មានយោធាអន្តរកូរ៉េ (DMZ) ថា ជាការបង្កើតប្រវត្តិសាស្រ្ត និងជារឿងដ៏អស្ចារ្យ ។
នាឱកាសនោះដែរ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបន្ត និងជំរុញកិច្ចចរចាគ្នាឡើងវិញ ប្រកបដោយផលិតភាព ដើម្បីបង្កើតនូវរបកគំឃើញថ្មីមួយនៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។
សូមជម្រាបថា លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាម៉េរិកកំពុងកាន់តំណែងដំបូងគេបង្អស់ ដែលបានឈានជើងជាន់ទឹកដីប្រទេសកូរ៉េខាងជើង ក្រោយពេលជួបជាមួយលោក គីម ជុងអ៊ុន នៅតំបន់គ្មានយោធារវាងប្រទេសកូរ៉េទាំងពីរ ខណៈជំនួបនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលលោក ត្រាំ ចាកចេញពីកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន៕ធ.ដ