កីឡាការិនីជឺជីតស៊ូ ជេសា ខាន់ ម្ចាស់មេដាយមាសកីឡាអាស៊ីកម្ពុជា ជាប់តំណែង មួយទៀតហើយ លើពិភពលោក
កីឡាការិនីជឺជីតស៊ូ ជេសា ខាន់ ម្ចាស់មេដាយមាស កីឡាអាស៊ីកម្ពុជា បានជាប់លេខ១ លើពិភពលោក ក្នុងប្រភេទខ្សែក្រវាត់ពណ៌ស្វាយហើយ។ នេះបើតាមសាមីខ្លួនបានបញ្ជាក់លើបណ្ដាញសង្គម ។ ជេសា ទើបទទួលបានខ្សែក្រវាត់ពណ៌ស្វាយនេះ ៦ខែប៉ុណ្ណោះ ប៉ុន្តែការអភិវឌ្ឍខ្លួនរបស់នាងពិតជាលឿន ក្នុងចំណោមអត្តពលិកខ្លាំងលើលោក។
សូមរំលឹកថា កីឡាការិនី ជេសា ខាន់ បានបង្កើតប្រវត្តិសាស្រ្តឲ្យកម្ពុចា ដោយដណ្តើមបានមេដាយមាស ជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី លើប្រភេទកីឡាជឺជិតស៊ូ ខណៈកីឡាករ សាលី អូម៉ឺត ក៏ដណ្តើមបានមេដាយមាស១ និងសំរឹទ្ធិ១ គ្រឿងផងដែរ ពីព្រឹត្តិការណ៍ដូចគ្នា លើប្រភេទកីឡា ម៉ូតូទឹក។
សូមបញ្ជាក់ថា កីឡាការិនី ជេសា ខាន់ កើតនៅអាម៉េរិក បានវិវត្តន៍ខ្លួនយ៉ាងល្អលើប្រភេទកីឡា ជឺជេតស៊ូ ហើយក៏មានភាពល្បីល្បាញខ្លាំង នៅសហរដ្ឋអាម៉េរិក ដោយសារ ជេសា ខាន់ ធ្លាប់ឈ្នះមេដាយរាប់សិបគ្រឿង ក្នុងអាជីពរបស់នាង។ ចុងឆ្នាំ២០១៩នេះ នាងក៏ជាកីឡាការិនីតំណាងឱ្យកម្ពុជា ត្រៀមចូលប្រកួតព្រឹតឹ្តការណ៍ ស៊ីហ្គេម នៅប្រទេសហ្វីលីពីនផងដែរ៕ធ.ដ