បណ្តាញសាកលវិទ្យាល័យ Cyber ដំបូង គេ នៅកម្ពុជា ផ្តល់ ការ សិក្សា មិន គិត ថ្លៃ

ភ្នំពេញ៖ នៅខែមិថុនា ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកសម្ពោធបណ្តាញសាកលវិទ្យាល័យ Cyber ដំបូងបង្អស់របស់កម្ពុជា ដោយរំពឹងថាអាចដោះស្រាយបញ្ហាវិសមភាពផ្នែកអប់រំរវាងទីក្រុង និងជនបទ និងលើកកម្ពស់ស្តង់ដាសិក្សានៅទូទាំងប្រទេសដែលហាក់នៅទន់ខ្សោយ។
 លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បណ្តាញសាកលវិទ្យាល័យ Cyber បានប្រមូលផ្តុំសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យស្វាយរៀង, សាកលជាតិបាត់ដំបង, សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឲ្យរួមគ្នាបង្កើតវេទិការៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬឌីជីថល។ មកដល់ពេលនេះ ក្នុងបណ្តាញនេះមានមេរៀនក្នុងទម្រង់ជាឯកសារ រូបភាព និងវីដេអូមានចលនា ឬ animation ហើយថែមទាំងមានវីដេអូបង្រៀនដោយលោកគ្រូ អ្នកគ្រូ ផ្ទាល់ទៀតផង។
 លោកជំទាវ ឃួន វិច្ឆិកា បានប្រាប់ Apsara Tonight ថា កូនសិស្សនៅទូទាំងប្រទេសអាចចូលរៀននៅ បណ្តាញសាលវិទ្យាល័យ Cyber នេះពីចម្ងាយឬពីគ្រប់ទីកន្លែងដោយមិនគិតថ្លៃ។ លោកជំទាវថា បណ្តាញនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ និងការបង្រួមគម្លាតឬភាពខុសគ្នាផ្នែកអប់រំ។
 ការអប់រំនៅប្រទេសកម្ពុជាបានប្រឈមមុខនឹងបញ្ហាសំខាន់ៗជាច្រើន ជាពិសេសវិសមភាពក្នុងការទទួលបានការអប់រំដែលមានគុណភាពរវាងទីក្រុង និងជនបទ។ ខណៈពេលដែលទីប្រជុំជនដូចជារាជធានី ភ្នំពេញមានកន្លែងអប់រំ និងធនធានល្អប្រសើរ តំបន់ជនបទនានាហាក់ទទួលបានការអប់រំដែលគុណភាពមានកម្រិត។ មានកម្រិតដោយសារកត្តាគ្រូបង្រៀន កង្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់សិក្សា និងកត្តាជីវភាពផងដែរ។ អ្នកជំនាញក្នុងវិស័យអប់រំលើកឡើងដូចគ្នាថាបញ្ហានេះនាំឱ្យមានភាពមិនស្មើគ្នានៅក្នុងសមិទ្ធិផល និងឱកាសសិក្សាដែលជះឥទ្ធិពលដល់អនាគតបុគ្គល និងសង្គមជាតិទាំងមូលក្នុងរយៈពេលវែង។
 លោក គង់ សំនៀង ប្រធាន សហព័ន្ធសេវាអប់រំនៅកម្ពុជា និង លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន សមាគម គ្រូ បង្រៀន កម្ពុជាឯករាជ្យ គាំទ្រ ការ បង្កើត បណ្តាញសាកលវិទ្យាល័យCyber នេះ។ ទន្ទឹមនឹងនោះ អ្នកជំនាញផ្នែកអប់រំទាំងពីរ បង្ហាញក្តីបារម្ភដូចគ្នាចំពោះ បញ្ហាអ៊ិនធើណេតជាពិសេសនៅតាមជនបទ។ លោកជំទាវ ឃួន វិច្ឆិកា អ្នក នាំពាក្យ ក្រសួង អប់រំ ប្រាប់ថាដើម្បីដោះស្រាយបញ្ហាអ៊ិនធើណេតនេះ បណ្តាញសាកលវិទ្យាល័យ Cyber នឹងបង្កើត App ដែលអាចឲ្យសិស្សចូលរៀនដោយមិនចាំបាច់មាន internet។
 គួរសម្គាល់ថា កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្កើតវេទិការៀនតាមអនឡានផ្សេងទៀតដែរ ដូចជា e-learning និង sala digital ជាដើម។ ឆ្លើយតបនឹងបញ្ហានិរន្តរភាព លោកជំទាវ ឃួន វិច្ឆិកា ប្រាប់ថាមានអ្នកចុះឈ្មោះ រៀនតាមវេទិកាទាំងពីរនេះជា បន្ត បន្ទាប់ប៉ុន្តែមិនបានបញ្ជាក់ថាប៉ុន្មាននាក់នោះទេ។
 បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ជាផ្នែកមួយនៃ កម្មវិធីវិនិយោគសាធារណៈអនុវិស័យឧត្តមសិក្សាឆ្នាំ ២០២២-២០២៣ របស់ក្រសួងអប់រំដែលមានគោលបំណងផ្លាស់ប្តូរទិដ្ឋភាពអប់រំថ្នាក់ឧត្តមសិក្សា៕
ដោយៈសែន ដាវិត Apsara Tonight

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner