ប្រមុខការទូតកំពូលអ៊ីរ៉ង់៖ ទីក្រុងតេហេរ៉ង់បានស្តុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិត កំណត់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ តាមរយៈការបង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពី៣០០គីឡូក្រាម នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ចាហ្វាដ ហ្សារីហ្វ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ។
ការលើកឡើងបែបនេះរបស់លោក ហ្សារីហ្វ ត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងសហរដ្ឋអាម៉េរិក ដែលទើបតែប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ និងមន្ត្រីជានខ្ពស់ជាច្រើននាក់ ក្នុងនោះរួមមានទាំងលោក ចាហ្វាដ ហ្សារីហ្វ ផងដែរ។
ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ផ្អែកលើអ្វីដែលលោកបានប្រាប់ពីលើកមុន អ៊ីរ៉ង់បានចាប់ផ្ដើមចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពី៣០០គីឡូក្រាម ដែលជាកម្រិតត្រូវបានដាក់កំហិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥៕ធ.ដ