អ៊ីរ៉ង់ព្រមានថា អ៊ីស្រាអែលនឹងត្រូវកម្ទេចត្រឹមកន្លះម៉ោង បើសហរដ្ឋអាម៉េរិក ហ៊ានវាយប្រហារលើអ៊ីរ៉ង់
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានធ្វើការព្រមានថា អ៊ីស្រាអែលនឹងរងការបំផ្លាញទាំងស្រុងក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ បើសិនជាសហរដ្ឋអាម៉េរិកហ៊ាន បើកការវាយប្រហារលើអ៊ីរ៉ង់។
ប្រធានគណៈកម្មាការសន្តិសុខជាតិ និងគោលនយោបាយបរទេសនៃសភាអ៊ីរ៉ង់ លោក Mojtaba Zolnour បានព្រមានបែបនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ បានបញ្ជាឱ្យកងទ័ពអាម៉េរិកវាយប្រហារលើអ៊ីរ៉ង់ ជាការសងសឹកទៅនឹងការបាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាម៉េរិកមួយគ្រឿងដោយយោធាអ៊ីរ៉ង់ ប៉ុន្តែនៅនាទីចុងក្រោយ លោក ត្រាំ បែរជាលុបចោលបទបញ្ជានេះទៅវិញ។
ប្រធានគណៈកម្មាការសន្តិសុខជាតិ និងគោលនយោបាយបរទេសនៃសភាអ៊ីរ៉ង់រូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា បើសិនជាសហរដ្ឋអាម៉េរិកបើកការវាយប្រហារណាមួយលើពួកយើង នោះ អ៊ីស្រាអែលនឹងត្រូវបំផ្លាញត្រឹមតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះ៕ធ.ដ