អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង នៅខណ្ឌចំការមន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នង ដែលនៅជាប់នឹងសាលារៀន ទួនហ្វា តាមបណ្ដោយផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យលេបត្របាក់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងផូងៗ (ដូចជាផ្ទុះហ្គាស់) មួយសន្ទុះក្រោយមក ស្រាប់តែឃើញមានអណ្ដាតភ្លើងចេញពីក្នុងផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំង និងរាលដាលដល់ផ្ទះពួកគាត់ជាប់ៗគ្នាជាបន្តបន្ទាប់យ៉ាងសន្ធោសន្ធៅតែម្ដង។ ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ច និងជំនាញផ្នែកអន្តរាគមន៍ពន្លត់អគ្គិភ័យ មានការពិបាកក្នុងការជួយពន្លត់អគ្គិភ័យជាខ្លាំង ព្រោះទីតាំងកើតហេតុ មានចន្លោះតូចចង្អៀត និងផ្ទះកើតហេតុ វាងាយស្រួលក្នុងឆាបឆេះផងដែរ ទើបភ្លើងកាន់តែឆេះខ្លាំងឡើងៗ រហូតអស់ផ្ទះប្រជាពលរដ្ឋជាខ្នងបែបនេះ ក៏ប៉ុន្តែ ក្នុងករណីអគ្គីភ័យនេះ ពុំមានអ្នករងរបួសអ្វីនោះឡើយ។

ហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥០គ្រឿង និងឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង ហើយមកដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២ កក្កដានេះ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner