រថយន្តឡង់គ្រឺស័័របុកម៉ូតូកង់បីឥណ្ឌា របួសស្រាលម្នាក់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡង់គ្រឺស័រ ចុះពីលើស្ពានជ្រោយចង្វារក្នុងល្បឿនលឿន ហើយទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងចំពាក់កណ្តាលផ្លោងជាច្រើនម៉ែត្រ ចំណែករថយន្តបង្កហោះឡើងលើរង្វង់មូលតាព្រុំទៅមុខលេងរួច ឯម្ចាស់ម៉ូតូកង់បីរងរបួសស្រាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្តដាឆ្នាំ២០១៩ ស្ថិតនៅចំណុចរង្វង់មូលតាព្រហ្ម ផ្នែកខាងលិច ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡង់គ្រីស័រពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ01-2-1366 ធ្វើដំណើរចុះពីស្ពានជ្រោយចង្វារចាស់ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HO-0545 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្រឡឹងរង្វង់មូលទិសដៅពីជើងទៅត្បូងចំពាក់កណ្តាលម៉ូតូកង់បី ផ្លោងជាច្រើនម៉ែត្រ សំណាងល្អអ្នកបើកបររងរបួសស្រាល។ ចំណែករថយន្តបង្កមិនអស់ល្បឿន ក៏ហោះឡើងលើរង្វង់មូលតាព្រុំបែកកង់ខាងមុខនិងខូចខាតផ្នែខាងស្តាំយ៉ាងដំណំទៅមុខលេងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ធ.ដ