ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ ជួយលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា
ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំ ក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឧបត្ថម្ភសម្ភារសិក្សារយៈពេលមួយឆ្នាំដល់សាលារៀនចំនួន៥៥ នៅក្នុងខេត្តចំនួន១១ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងអប់រំយុវជន និងកីឡា ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ។ ជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់ណាហ្គាវើលដ៍ ដែលផ្តោតទៅលើការលើកកម្ពស់វិស័យអប់រំ ការសហការនេះ ក៏នឹងផ្តោតទៅលើការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យ និងការឧបត្ថម្ភបំពង់ពន្លត់អគ្គីភ័យនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “យើងមានកិត្តិយសយ៉ាងខ្លាំងដែលបានសហការជាមួយក្រសួង ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍវិស័យអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា ពីព្រោះវាដើរយ៉ាងសំខាន់ ក្នុងការកសាងប្រទេសជាតិ។ ចាប់តាំងពីឆ្នាំ២០១៤ យើងបានចូលរួមធ្វើឲ្យបរិយាកាសនៃការសិក្សារៀនសូត្រប្រសើរឡើង និងបានផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្សជាង១៨១,០០០ នាក់នៅតាមសាលារៀនជាង១០០ នៅតាមខេត្តចំនួន ១០ ក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំនេះ យើងបានពង្រីកគម្រោងនេះទៅកាន់ខេត្តមួយទៀត។ យើងសង្ឃឹមថា ការឧបត្ថម្ភរបស់យើង នឹងជួយគ្រួសារដែលមានជីវភាពខ្វះខាតឲ្យទទួលបានសម្ភារសិក្សាសម្រាប់កូនៗរបស់ពួកគេ”។
សូមរំលឹកថា ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ យើងបានផ្តល់សិក្ខាសាលាស្តីពីសុវត្ថិភាពអគ្គិភ័យផងដែរ ដែលបានផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សប្រមាណ៥០០០នាក់។ ជាមួយអនុស្សរណៈយោគយល់គ្នានេះ យើងក៏នឹងពង្រីកកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យនេះ ទៅដល់សាលារៀនច្រើនជាងមុន ជាពិសេសជួយអប់រំសហគមន៍របស់យើង និងការពារពួកគេពីមហន្តរាយនៃអគ្គីភ័យ”។ ណាហ្គាវើលដ៍បេះដូងសប្បុរស ចាប់ផ្តើមតាំងពីបង្កើតឡើង ក្នុងឆ្នាំ១៩៩៥ ណាហ្គាវើលដ៍ បាននិងកំពុងធ្វើសកម្មភាពសង្គមប្រកបដោយទឹកចិត្តសប្បុរស និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុងខែមីនា ឆ្នាំ២០១៤ ក្រុមការងារ សង្គមណាហ្គាវើលដ៍ បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ ក្នុងគោលបំណងផ្តោតទៅលើសសរស្តម្ភ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយក្នុងសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នមានប្រជាជនកម្ពុជាជាង២០០,០០០ នាក់បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “យើងសូមសរសើរ និងវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងការជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជា និងផ្តល់ចំណេះដឹងសង្គ្រោះជីវិតពីអគ្គិភ័យដល់សិស្សានុសិស្ស និងសហគមន៍របស់យើង”។
សូមបញ្ជាក់ថា ការចែកសម្ភារសិក្សា ត្រូវបានធ្វើឡើងនៅតាមទីធ្លាសាលាបឋមសិក្សាដោយមានអ្នកស្ម័គ្រចិត្តនៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ជាអ្នកជួយចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ថ្នាក់ទី១ដល់ទី៦ និងលើកទឹកចិត្តឲ្យពួកគេប្រឹងប្រែងរៀនសូត្រដើម្បីអនាគតភ្លឺស្វាង និងសម្រេចក្តីស្រមៃរបស់ពួកគេ។ ណាហ្គាវើលដ៍ ក៏បានផ្តល់រង្វាន់ដល់សិស្សពូកែផងដែរ ដើម្បីឲ្យពួកគេកាន់តែខិតខំរៀនសូត្រ និងមិនបោះបង់គោលដៅជីវិតរបស់ពួកគេ៕ម.ន