ឯកឧត្តម កែវ រ៉េមី ៖បើគ្មានសន្តិភាព គឺមិនអាពង្រឹង និងបណ្តុះមនុស្សបន្តវេនបាន នោះឡើយ
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានលើកឡើងថា ជាការពិត បើគ្មានសន្តិភាព គឺមិនអាចពង្រឹង និងបណ្តុះ មនុស្ស បន្តវេនបាននោះឡើយ។ បើវក់វីតែក្នុងសង្រ្គាម អស្ថេរភាព ជីវភាពរស់នៅរបស់យើងលំបាក គឺកីឡាក៏មិនអាចទៅរួចហើយ ហើយពេលចេញទៅប្រកួតជាមួយគេ ដឹងតែសន្លប់ហើយ»។
នេះការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបិទបញ្ចប់ការប្រកួតកីឡាតេក្វាន់ដូ ITF នៃព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឯកឧត្តម កែវ រ៉េមី គូសបញ្ជាក់បន្ថែមថា តាំងពីពេលមុនៗ ក្រោយចេញពីសម័យប៉ុលពត កីឡាទៅប្រកួតអន្តរជាតិ គឺដាក់ទៅដួលៗ។ ពេលមុន ឮសូរតែកីឡាខ្មែរយើង ចេញមកទន់ៗ ជ្រាយៗ ប៉ុន្តែបច្ចុប្បន្ន មានភាពខុសគ្នា គឺមិនមែនទៅឱ្យគេវ៉ៃទេ គឺទៅវ៉ៃគេ»។
បន្ថែមពីលើនេះ ឯកឧត្តម កែវ រ៉េមី បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តវេនពី សម្តេចតេជោ ហ៊ុន សែន ដែលបានលើកស្ទួយដល់ចរន្តកីឡាកាន់តែផុលផុស មានកិត្តិយសជាបន្តបន្ទាប់។
ខ្ញុំឃើញការសម្តែងរបស់ក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូ ITF ខ្ញុំមានក្តីរំភើបឥតឧបមា មោទនភាពចំពោះគ្រូបង្វឹក គណៈកម្មការចាស់ៗ ដែលដំបូងតែគ្នា ៥-៦នាក់ ខិតខំតស៊ូ រហូតដល់កសាងបានការអភិវឌ្ឍកាន់តែរីកចម្រើនមានធនធានសម្បូរបែប រួមទាំងថ្នាល បន្តវេន នាពេលបច្ចុប្បន្ន។ ប្រសិនបើមានតែក្រុមជម្រើសជាតិ តែមិនមានក្រុមកុមារបន្តវេន គឺជារឿងព្រួយបារម្ភទៅវិញ ប៉ុន្តែពេលនេះ យើងមានថ្នាលកុមារ យុវជនជាអ្នកស្នង កីឡា តេក្វាន់ដូ ITF បន្តទៀត។
សម្រាប់លទ្ធផលនៃការប្រកួត ក្លិបសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដណ្តើមបានចំណាត់ ថ្នាក់លេខ១ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាចំនួន៧ គឺឈ្នះមេដាយមាស ២ ប្រាក់២ និងសំរឹទ្ធ៤ សរុប១០គ្រឿង, លេខ២ វិទ្យាស្ថានខេមអេដ ឈរលេខ២ មេដាយមាស ៤ ប្រាក់២ និងសំរឹទ្ធ ៣ សរុប៩គ្រឿង ខណៈសាកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាម ឈរនៅលេខ៣ ជាមួយនឹងមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ១ សរុប៥គ្រឿង។ ចំពោះគ្រឹះស្ថានឧត្តមសិក្សាចំនួន៣ទៀត ដណ្តើមបានមេដាយមាស ម្នាក់១គ្រឿងដូចៗគ្នា ស្របពេលដែល សាកលវិទ្យាល័យស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់ក្រោមគេ លេខ៧ ទទួលបានត្រឹមមេដាយសំរឹទ្ធ៤គ្រឿង៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ


