កិច្ចសហប្រតិបត្តិការ រវាងសង្គមស៊ីវិលកម្ពុជា និងចិន ជាកម្លាំងចលករចូលរួមដល់កិច្ចអភិវឌ្ឍនៅមូលដ្ឋាន
ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការ រវាងសង្គមស៊ីវិលកម្ពុជា និងចិន ជាកម្លាំងចលករចូលរួមដល់កិច្ចអភិវឌ្ឍនៅមូលដ្ឋាន។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ធ្វើឡើងនៅក្នុងឱកាស អនុញ្ញាតឱ្យ លោកស្រី ស៊ុន យានណា (Sun Yanna) អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ ព្រមទាំងគណៈប្រតិភូ ចំនួនបីស្ថាប័ន គឺ១-នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ នៃប្រទេសចិន ២-ផ្នែកគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ស្វយ័តក្វាងស៊ីជនជាតិជ័ង និង៣-មូលនិធិចិនPEACELAND ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីសកម្មភាពការងារ រយៈពេល២ថ្ងៃ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅនៅសមាគមមិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។
លោកស្រី ស៊ុន យានណា (Sun Yanna) អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលជាតិកាត់បន្ថយគ្រោះមហន្តរាយ នៃប្រទេសចិន បានជម្រាបថា ក្រោមកិច្ចគាំទ្រពី សមាគមមិត្តភាពកម្ពុជា-ចិន ទើបថ្ងៃទី២០និងទី២១ ខែឧសភា ឆ្នាំ២០២៤នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប សិក្ខាកាមចំនួន៧៤រូប ទទួលបានការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ ទាំងផ្នែកទ្រឹស្តី និងទាំងការអនុវត្ត លើជំនាញគ្រប់គ្រង ទឹកជំនន់។ ក្នុងនាមសង្គមស៊ីវិលចិន លោកស្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង នៅក្នុងការសម្របសម្រួល ជាមួយអង្គពាក់ព័ន្ធនានាដើម្បីសម្រេច បាននូវលទ្ធផលគួរជាទីមោទនៈ សម្រាប់វគ្គបណ្តុះបណ្តាលនេះ។
ឯកឧត្តម ឯក សំអុល បានកោតសរសើរ ចំពោះកិច្ចសហការពីមិត្តចិន ដែលមិនត្រឹមផ្តល់ជូន នូវសាស្ត្រាចារ្យ អ្នកឯកទេស មកធ្វើការបណ្តុះបណ្តាល ប៉ុណ្ណោះទេ ថែមទាំង បានផ្តល់នូវសម្ភារៈ ជូនដល់សិក្ខាកាម ដែលជាពិសេស ផ្តល់ទូកពោង ជូនដល់សាលាស្រុកបន្ទាយស្រី ទុកប្រើប្រាស់ ជាប្រយោជន៍នៅមូលដ្ឋាន ថែមទៀតផង។
ឯកឧត្តម ប្រធាន សមាគមមិត្តភាព កម្ពុជា-ចិន បានលើកទឹកចិត្ត ដល់មូលនិធិចិនPEACELANDរួមកម្លាំងជាមួយអង្គពាក់ព័ន្ធនានា របស់ប្រទេសចិន ពង្រីកវិសាលភាព នៃការបណ្តុះបណ្តាល និងលំហាត់អនុវត្តនេះ នៅតាមបណ្តាខេត្តដទៃទៀត ក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកទំហំវិមាត្របរិមាណ ឱ្យបានកាន់តែច្រើន នូវធនធានមនុស្ស ក្រុមជួយសង្គ្រោះគ្រប់គ្រង គ្រោះមហន្តរាយនេះ។
ឯកឧត្តម ឯក សំអុល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រវាងគណៈប្រតិភូចិន ជាមួយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រទេសកម្ពុជា ហើយឯកឧត្តម ក៏បានបន្តការលើកទឹកចិត្ត ដល់គណៈប្រតិភូចិន ដែលជាពិសេសសង្គមស៊ីវិលចិន កាន់តែច្រើនបង្កើនកិច្ចសហការ ជាមួយសមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីអនុវត្តនូវគម្រោងនានាដើម្បីបំពេញបាន នូវតម្រូវការ
ជាក់ស្តែង ជូនដល់ប្រជាជនកម្ពុជា៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា





