កូរ៉េខាងត្បូង ចិន និងជប៉ុន ប្តេជ្ញារំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ
សេអ៊ូល៖ មេដឹកនាំមកពីកូរ៉េខាងត្បូង ចិន និងជប៉ុនបានអះអាងសារជាថ្មី អំពីគោលដៅរបស់ពួកគេ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ កាលពីថ្ងៃចន្ទ ក្នុងអំឡុងកិច្ចប្រជុំកំពូលដ៏កម្រមួយ ដែលពួកលោកក៏បានយល់ព្រមក្នុងការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅផងដែរ។

កិច្ចប្រជុំកំពូលដ៏កម្រនេះ មានការចូលរួមពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅទីក្រុងសេអ៊ូល ជាកិច្ចពិភាក្សាត្រីភាគីលើកដំបូងក្នុងរយៈពេលជិត៥ឆ្នាំ។
កិច្ចប្រជុំនេះដែរ ធ្វើឡើងចំពេលដែលកូរ៉េខាងជើងបានប្រកាសថាខ្លួននឹងបាញ់បង្ហោះផ្កាយរណបចារកម្មមួយទៀតទៅក្នុងគន្លងតារាវិថី ដែលនេះជាទង្វើបំពានលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ លោក Yoon និង លោក Kishida បានជំរុញឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ការបាញ់បង្ហោះនេះ ដោយមេដឹកនាំកូរ៉េខាងត្បូងបាននិយាយថា ទង្វើនេះនឹង បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយបន្ទាប់ពីកិច្ចចរចា មេដឹកនាំប្រទេសទាំងបីបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដោយបន្ថែមថាសន្តិភាពបម្រើផលប្រយោជន៍រួមរបស់យើង និងជាទំនួលខុសត្រូវរួមរបស់យើង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា