អេដស៍ គឺជាបញ្ហាដែលយើងទាំងអស់គ្នា ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ
ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងព័ត៌មាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដើម្បីបញ្ជ្រាបទៅដល់មហាជនជន ឱ្យបានជ្រាបទាំង ពីព្រោះអេដស៍ គឺជាបញ្ហាដែលយើងទាំងអស់គ្នា ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
ការលើកឡើងរបស់ ឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ជូនដល់អ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានធ្វើការំលឹកឡើងវិញពីអតីតកាល នៅពេលមានការនិយាយពីជំងឺអេដស៍ គឺមានការរើសអើងចំពោះអ្នកកើតអេដស៍ ប៉ុន្តែក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើអោយប្រជាជនមានការយលដឹងច្រើន និងមិនសូវមានការរើសអើងភាគច្រើនចំពោះអ្នកផ្ទុកមេរោគអេដស៍ ។
ចំណុចនេះបានបង្ហាញពីតូនាទីយ៉ាងសំខាន់របស់ប្រពន្ធ័ផ្សព្វផ្សាយនៅក្នុងការចូលរួមផ្សពផ្សាយ ហើយជោគជ័យក្នុងពេលកន្លងមក រហូតមកដល់ពេលបច្ចុប្បន្ន និងទៅមុខទៀត គឺមិនអាចកាត់ផ្តាច់បានអំពីតូនាទីរបស់អ្នកសារព័ត៌មាន បានដែរ ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មាន ប្រពន្ធ័ផ្សព្វផ្សាយជាតិ និងឯកជន ដែលជាប្រព័ន្ធផ្សព្វផ្សាយបុរាណ និងទំនើប គឺពិតជាតូនាទី និងសារៈសំខាន់ នៅក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល លើការផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បញ្ហាជំងឺអេដស៍ មិនមែនជារឿងដោយឡែករបស់អាជ្ញាធរ ឬអ្នកដែលផ្ទុកមេរោគអេដស៍នោះទេ ប៉ុន្តែបន្ទុកនៃបញ្ហារួមរបស់យើងទាំងអស់គ្នា ព្រោះជាបញ្ហាសង្គមជាតិរបស់យើង ។ ដូច្នេះហើយក្នុងនាមជាប្រពន្ធ័ផ្សព្វផ្សាយមានតួនាទីក្នុងការចូលរួមបញ្ជ្រាបនូវចំណេះដឹង ក៏ជាវិធានការការពារទៅដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមគោលដៅ ដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមការឆ្លងមេរោគអេដស៍ មេរោគអេដស៍ គឺមានអាយុក្រោម ២៤ឆ្នាំចុះ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង ម៉ូលី បានថ្លែងថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជររដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង សំដៅធានាថា «ប្រទេសកម្ពុជា ជាប្រទេសមួយដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍និងជំងឺអេដស៍ ព្រមទាំងធានាថា ប្រជាជនកម្ពុជាមានសុខភាពល្អ និងរស់នៅប្រកបដោយសុខុមាលភាព គ្មានការភ័យខ្លាច ដោយសារជំងឺអេដស៍»។
កិច្ចការងារនេះ ឯកឧត្តម អៀង មូលី បាននឹងកំពុងដឹកនាំការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យ ដើម្បីសម្រេចគោលនយោបាយដ៏មានសារៈសំខាន់នេះ ។
ឯកឧត្តម អៀង ម៉ូលី មានប្រសាសន៍លើកឡើងទាក់ទងការផ្សព្វផ្សាយការបង្ការ ការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ និងមេរោគអេដស៍ អោយបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋទូទៅ ហើយបានគូសបញ្ជាក់ដែរថា បញ្ហាជំងឺអេដស៍នេះ គឺមិនមានប្រទេសណាមួយនៅក្នុងពិភពលោកលុបបំបាត់បានអោយដល់ចំណុចសូន្យនោះទេ ព្រោះថាមេរោគអេដស៍ ជំងឺអេដស៍ វានៅក្នុងខ្លួនមនុស្ស ទាល់តែមកធ្វើតេស្តឈាមរកមេរោគអេដស៍ ឃើញហើយ ទើបពេទ្យអោយថ្នាំលេបព្យាបាល ប៉ុន្តែមនុស្សខ្លះមិនបានមកធ្វើតេស្តនោះទេដោយសារមានបញ្ហាពាក់ពន្ធ័ច្រើន ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកពីការសិក្សា ស្រាវជ្រាវរបស់អ្នកជំនាញអន្តរជាតិ បានប៉ាន់ស្មានថានៅក្នុងប្រទេសកម្ពុជា មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧ម៉ឺន ៦ពាន់នាក់ ប៉ុន្តែអ្នកដែលមកព្យាបាល ទទួលថ្នាំលេបរាល់ថ្ងៃមានតែ ៦ម៉ឺន ៥ពាន់នាក់ គឺនៅសល់ប្រហែលជា ១ម៉ឺននាក់ទៀត ដែលនៅលាក់មុខ ដែលនេះហើយមិនអាចអោយយើងសម្រេចគោលដៅបញ្ចប់អេដស៍បាននោះទេ ។ ដូច្នេះហើយ ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ ពិសេសក្រសួងព័ត៌មាន មានតូនាទីក្នុងការផ្សាយអោយប្រជាជនចាប់អារម្មណ៍ជាមួយជំងឺអេដស៍ ដោយកុំគិតថាជំងឺអេដស៍អស់ហើយនៅកម្ពុជា បើសិនជាយើងមានដៃគូររួមភេទច្រើន ដោយមិនមានវិធានការការពារអោយបានត្រឹមត្រូវ អាត្រាខ្ពស់នៃការឆ្លងមេរោគផ្សេងៗ ពិសេសមេរោគអេដស៍ អាចកើតមានជាក់ជាមិនខាន ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានជម្រុញលើកទឹកចិត្តដល់អ្នកដែលសង្ស័យថា ឆ្លងមេរោគអេដស៍ ត្រូវហ៊ានមកធ្វើតេស្ត បើរកឃើញថាមាន គឺត្រូវមកទទួលសេវាព្យាបាល ព្រោះថាប្រសិទ្ធភាពនៃការព្យាបាលរហូតដល់ ៩៨% អោយតែព្យាបាលលេបថ្នាំទៀងទាត់ ទទួលទានអាហារគ្រប់គ្រាន់ គឺមានសុខភាពល្អ ៕
ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា






