ឡានហោះចិន XPeng អាចបញ្ជាទិញបាន ចុងឆ្នាំនេះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន XPeng គ្រោងនឹងដាក់លក់ ជាផ្លូវការ នូវឡានហោះ ឬ Land Aircraft Carrier នៅឆ្នាំ ២០២៦។ គេបញ្ជាទិញឡានប្រភេទនេះបាននៅចុងឆ្នាំ២០២៤។ នេះបើយោងតាមសហប្រធានក្រុមហ៊ុន គឺលោក Brian Gu។

ក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីសប្តាហ៍មុន លោក Brian Gu បាននិយាយថា ក្រុមហ៊ុន XPeng មានទំនុកចិត្តលើការរចនារថយន្តហោះ របស់ខ្លួន ដែលមានបំណងផ្តោតតំបន់ជនបទ ជាជាងតំបន់មជ្ឈមណ្ឌលទីក្រុង ដ៏មមាញឹក។

លោក Gu បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ទៀតថា «យើងនឹងធ្វើការជាមួយអាជ្ញាធរ បង្កើតឧទ្យានហោះហើរ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ការហោះហើរ»។

ជុំវិញផ្លូវច្បាប់អនុញ្ញាតលើការបើកបរ ត្រូវបានលោក Gu បាននិយាយថា អ្នកបើកបរ ប្រហែលជាមិនត្រូវការអាជ្ញាប័ណ្ណពិសេស សម្រាប់យានយន្តអាចហោះបាន ប្រភេទនេះទេ ដោយក្រុមហ៊ុនឹងជជែកលម្អិតអំពីបទបញ្ញត្តិផ្សេងៗ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់លម្អិត អំពីហានិភ័យនៃការបើកឡានហោះ នៅលើអាកាស របស់ក្រុមហ៊ុន XPeng នៅឡើយទេ។

ក្រុមហ៊ុន XPeng ដែលមានមូលដ្ឋាននៅទីក្រុង Guangzhou មួយនេះ បានបង្ហើបថា Land Aircraft Carrier អាចនឹងត្រូវបញ្ចេញរូបរាងបាន នៅចុងឆ្នាំ ២០២៥។ បច្ចេកវិទ្យាឡានហោះសម្រាប់អ្នកដំណើរ ប្រភេទនេះ ត្រូវបានបង្ហាញ ជាលើកដំបូង កាលពីខែកុម្ភៈ៕

ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner