គោលនយោបាយរបស់ក្រសួងកសិកម្ម គឺជំរុញកំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility-ISF) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ដែលបានសហការចូលរួមគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា ក្រោមម្លប់សន្តិភាព។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយរបស់ក្រសួង គឺជំរុញកំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ នឹងរួមចំណែកជួយដល់វារីវប្បករ និងអ្នកនេសាទ គ្រប់កម្រិត ឱ្យមានលទ្ធភាពកែច្នៃផលិតផលជលផលក្រោយប្រមូលផលប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាពខ្ពស់។ ផលិតផលដែលមានគុណភាពស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សារ ជាពិសេសទីផ្សារក្រៅប្រទេស នឹងផ្ដល់លទ្ធភាពដល់ភាគីពាក់ព័ន្ធពង្រីកផលិតកម្មប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដើម្បីសម្រេចនូវគោលដៅ «មានហូប មានប្រើ មានបាន និងមានរហូត»។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីនិរន្តរភាពវិស័យជលផល ដែលជាការងារអាទិភាពមួយរបស់ក្រសួង តាមរយៈការគ្រប់គ្រងធនធានជលផលក្នុងធម្មជាតិ និងការពង្រីកវិស័យវារីវប្បកម្ម ហើយឈានទៅចងក្រងជាសហគមន៍ទំនើប។

សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសឱ្យដំណើរការជាផ្លូវការកម្មវធី ISF ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់កត្តិយសអញ្ជើញផ្តល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពនៃផលិតផលជលផលកម្ពុជា(CQS) ដល់សហគ្រាសចំនួន ៩ផងដែរ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner