រៀបចំបង្កើតសហគមន៍បម្រើសេវាជិះទូកគយគន់ធម្មជាតិចម្រុះនិងទស្សនាថ្ងៃលិចនៅបារាយណ៍នាគព័ន្ធ
ភ្នំពេញ៖ អនាគតដ៏ខ្លីនឹងមានបម្រើសេវាដឹកទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក(បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ)ក្នុងទឹកដីខេត្តសៀមរាប។ទេសចរអាចគយគន់សម្រស់ធម្មជាតិពណ៌បៃតងខ្ចី ទស្សនាបក្សាបក្សី ទស្សនាព្រះអាទិត្យអស្តង្គត ជាមួយផ្ទៃទឹកថ្លាឈ្វេង ។ខណៈនេះអាជ្ញាធរជាតិអប្សរាបាន និង កំពុងរៀបចំសហគមន៍សាមគ្គីមួយដើម្បីបម្រើសេវាកម្មដែលពុំធ្លាប់មានពីមុនមក។
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍នេះ គឺដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅបារាយណ៍ជយតាដាកផង ដើម្បីបង្កើតការងារក្នុងសហគមន៍សម្រាប់ប្រជាពលបរដ្ឋរស់នៅភូមិភ្លង់ និងភូមិលាងដៃរបស់ឃុំលាងដៃ។
អាជ្ញាធរជាតិអប្សរា រៀបចំជាវង់ទស្សនាជិះទូកមើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាពដ៏ស្រស់ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិច។
អាជ្ញាធរជាតិអប្សរា បានរៀបចំគម្រោងបង្កើតសហគមន៍បម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាកតាំងតែពីឆ្នាំ២០១៧មក ក៏ប៉ុន្តែ គម្រោងនេះ បានខកខានដោយសារតែជំងឺកូវីដរាតត្បាត។ នៅដើមឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានផ្តួចផ្តើមរៀបចំគម្រោងដំណើរការទស្សនាចរ នៅបារាយណ៍ជយតាដាកនោះឡើងវិញ ដោយមានការគាំទ្រពីស្ថាប័នGIZ និងអង្គការយូណេស្កូ។ បារាយណ៍ជយតាដាក រួមទាំងប្រាសាទព្រះខ័ន សាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅពេលទេសចរបានជិះទូកនៅក្នុងបារាយណ៍ហាក់បីដូចជានាំអារម្មណ៍បានទៅកាន់អតីតកាលដ៏រុងរឿងនាសម័យអង្គរ និងមានលក្ខណៈពិសេសខុសប្លែកពីទីតាំងផ្សេងៗ។
អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ដែលជាផលិតផលទេសចរណ៍មួយថ្មី ដែលនឹងផ្តល់បទពិសោធន៍ល្អ ជាមួយបរិយាកាសខ្យល់បរិសុទ្ធ វារីជាតិ សម្បូរបែប សត្វព្រៃផ្សេងៗ ប្រាសាទនៅកណ្ដាលបារាយណ៍ អមដោយទេសភាពវប្បធម៌ សេវាកម្មល្អ សុវត្ថិភាពផ្តល់ឱ្យទេសចរមិនខកបំណងនោះឡើយ៕ដោយ:ម៉ាដេប៉ូ



