រដ្ឋមន្រ្តីព័ត៌មាន៖ ត្រូវចាំថា វិជ្ជាជីវៈត្រូវតែអនុវត្តន៍ ប៉ុន្តែជាតិនិយម និងមនសិការជាតិក៏ត្រូវតែមាន
ភ្នំពេញៈ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានរំលឹកដល់អ្នកសារព័ត៌មានថា វិជ្ជាជីវៈត្រូវតែអនុវត្តន៍ ប៉ុន្តែជាតិនិយម និងមនសិការជាតិក៏ត្រូវតែមាន ។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយ ទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់ ហើយអ្នកកាសែតមិនអាចសរសេរព័ត៌មានបានទេបើគ្មានប្រភព។
ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញស្តីពី “ការសរសេរដំណឹងទាន់ហេតុការណ៍” រៀបចំឡើងដោយ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្រសួងព័ត៌មាន បន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីឳ្យបងប្អូនសារព័ត៌មាន មានមូលដ្ឋានរឹងមាំក្នុងការប្រកបអាជីពក្នុងវិស័យព័ត៌មាន ប្រកបដោយមោទនភាព គុណភាព សេចក្តីថ្លៃថ្នូរ និងមានតម្លៃសម្រាប់វិជ្ជាជីវៈសារព័ត៌មាន។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ស្ថាប័ន អង្គភាព សមាគមសារព័ត៌មាន ទាំងអស់ ត្រូវបន្តពង្រឹងការលើការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីធ្វើឳ្យការសរសេរព័ត៌មាន និងប្រកបអាជីពជាអ្នកសារព័ត៌មាន បានកាន់តែល្អប្រសើរថែមទៀត ។លោកបន្តថា ក្រសួងព័ត៌មាន បានរៀបចំជាសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ពិសេសសារព័ត៌មាន អនឡាញ ជាច្រើននាក់ ហើយសម្រាប់វគ្គបណ្តុះបណ្តាលជំនាញស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍រយៈពេល៤ព្រឹកមកនេះ បានបង្កើនសមត្ថភាពធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពរបស់ខ្លួនឱ្យបានកាន់តែយល់ដឹងស៊ីជម្រៅពីអ្វីទៅដែលការគោរព និងអនុវត្តក្រមសីលធម៌ វិជ្ជាសារព័ត៌មាន កុំឳ្យធ្វើហួសព្រំដែនកំណត់ដោយច្បាប់ ដែលជាកាតព្វកិច្ចផ្សារភ្ជាប់ជាមួយសិទ្ធិក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុចរិតភាពក្នុងសង្គម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។
ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកិច្ចការងារសន្តិសុខព័ត៌មាន សំដៅទៅលើការធានាបានសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ធានាបាននូវគុណភាពព័ត៌មាន និងការពារសុវត្ថិភាពព័ត៌មាន។ដូចនេះហើយ ទើបក្រសួងព័ត៌មានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវតែចូលរួមពង្រឹងសមត្ថភាព និងខ្លឹមសារ ពិសេសសារព័ត៌មានអនឡាញ ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារនៃអត្ថបទដែលមានគុណភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន សម្រាប់ជាប្រយោជន៍ខ្លួនឯងផ្ទាល់ និងប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលជំនាញស្តីពី “ការសរសេរដំណឹងទាន់ហេតុការណ៍” រៀបចំឡើងដោយ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មាននេះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ មានសិក្ខាកាមជាអ្នកសារព័ត៌មានចូលរួមចំនួន៥០រូប មានវាគ្មិនជំនាញ ដែលមានបទ ពិសោធន៍ចែករំលែកក្នុងការពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព ៕
ដោយៈ ង៉ាន់ ទិត្យ
រូបភាពៈរិន រចនា





