ពលរដ្ឋហៃទី ពាក់កណ្តាលប្រទេស ខ្វះស្បៀងធ្ងន់ធ្ងរ
ព័រ អូប្រាំង៖ របាយការណ៍ចាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀង ហៅកាត់ IPC នៃអង្គការសហប្រជាជាតិ បានចេញផ្សាយ កាលពីថ្ងៃចន្ទថា ដោយសារតែអំពើហិង្សា ចំនួនប្រជាជនហៃទី ពាក់កណ្តាលប្រទេស ឬ ស្មើនឹង៥លាននាក់ ត្រូវបានចាត់ទុកថា ជួបបញ្ហា «អសន្តិសុខស្បៀង យ៉ាងធ្ងន់ធ្ងរ»។
កាលពីថ្ងៃចន្ទ ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិទទួលបានសិទ្ធិចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ក្នុងរដ្ឋធានី ព័រ អូប្រាំង (Port-au-Prince) នៃប្រទេសហៃទី ដើម្បីផ្គត់ផ្គង់ជំនួយមនុស្សធម៌។
នាយកកម្មវិធីស្បៀងអាហារពិភពលោក ហៅកាត់ WFP លោក Jean-Martin មានប្រសាសន៍ថា «វាពិតជាមានសារៈសំខាន់សម្រាប់អង្គការស្បៀងអាហារពិភពលោក និងទីភ្នាក់ងារមនុស្សធម៌ដទៃទៀត ដើម្បីអាចនាំយកការផ្គត់ផ្គង់ ទៅក្នុងទីក្រុង និងដំណើរការកម្មវិធី សំខាន់ៗ»។

ទីភ្នាក់ងារ WFP បាននិយាយថា យន្តហោះផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តបានចុះចត នៅទីក្រុង Port-au-Prince កាលពីថ្ងៃទី ៣០ ខែឧសភា ដែលជាជើងហោះហើរដឹកទំនិញមនុស្សធម៌លើកដំបូង របស់អង្គការសហប្រជាជាតិ ចាប់តាំងពីវិបត្តិអំពើហិង្សារបស់ក្រុមប្រដាប់អាវុធ បានចាប់ផ្តើមកើតមានមក។ សេវាកម្មអាកាសចរណ៍មនុស្សធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ UNHAS ក៏បានចាប់ផ្តើមជើងហោះហើរឡើងវិញ ផងដែរ។
ទីភ្នាក់ងារ WFP បានឲ្យដឹងដែរថា ក្នុងរយៈពេលពីរសប្តាហ៍ នៃខែឧសភា អង្ករ សណ្តែក និងប្រេងបន្លែចំនួន ៦១៥តោន ត្រូវបានចែកចាយដល់មនុស្សជិត ចំនួនជិត១លាននាក់ នៅទីក្រុង Cite Soleil ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត