ស្ត្រីរងគ្រោះដោយការបាក់រលំអគារនៅខេត្តព្រះសីហនុ ត្រូវបានបញ្ជូនមកដល់មន្ទីរ ពេទ្យព្រះកុសមៈហើយ

អត្ថបទដោយ៖
Kien Sereyvuth

ស្ត្រីរងគ្រោះម្នាក់ក្នុងចំណោម២៤នាក់ ត្រូវបានក្រុមការងាជួយសង្គ្រោះបានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យព្រះសង្ឃ កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ក្នុងគោលបំណងដឹកមកជួយសង្គ្រោះអាយុជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារកំពុងសង់កម្ពស់៧ជាន់នៅខេត្តព្រះសីហនុ។

ស្ត្រីរងគ្រោះឈ្មោះ គ្រៀល សំអឿន អាយុ២៨ឆ្នាំ មុខរបរជាកម្មករសំណង់ស្នាក់នៅក្នុងកន្លែងកើតហេតុជាន់ទី៣ មានស្រុកកំណើតនៅភូមិ៦១០ ឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរានៅមន្ទីរពេទ្យព្រះកុសមៈថា នៅមុនពេលកើតហេតុ រូបគាត់ជាមួយប្តីឈ្មោះ ញ៉ ចាន់ណេត អាយុ៣១ ឆ្នាំ និងប្អូនថ្លៃឈ្មោះ ញល ចាន់ថន ភេទប្រុស អាយុ ១៧ឆ្នាំ ស្រុកកំណើតនៅភូមិឃុំខាងលើ បានមកធ្វើការងារសំណង់នៅកន្លែកើតហេតុនេះ អស់រយៈពេលជាច្រើនខែកន្លងមកហើយ រហូតដល់ថ្ងៃកើតហេតុតែម្តង ។

ស្ត្រីរងគ្រោះបានរៀបរាប់បន្តថា ជារៀងរាល់ថ្ងៃក្រុមគ្រួសាររបស់គាត់បាននាំគ្នាមកសម្រាកនៅជាន់ទី ៣ ទាំងអស់គ្នាដូចសព្វមួយដង ដោយឡែកនៅថ្ងៃកើតហេតុវេលាម៉ោងប្រហែលជា៤និង៣០នាទីព្រឹកថ្ងៃទី២២ខែ មិថុនា ឆ្នាំ២០១៩ ក៏ស្រាប់តែអគារសំណង់ដួលរលំបាក់ស៊្រុបរាបដល់ដី ហើយពេលនោះរូបគាត់ក៏បានសន្លប់តែម្តង មិនដឹងប្តី និងប្អូនថ្លៃបានរងរបួស និងស្លាប់នោះទេ។

ក្រោយពីក្រុមការងារបានជួយអន្តរាគមន៍ដឹងខ្លួនឡើង ក៏ឃើញផ្ទាំងថ្មធំៗសង្កត់លើខ្លួនជាប់ ហើយជើងក៏បាក់ទៀត បន្តិចក្រោយមក ក្រុមការងារក៏បានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះអាយុជីវិត។ សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍នេះដែរ ប្តីរបស់គាត់រងរបួសស្រាលសម្រាកនៅមន្ទីរពេទ្យខេត្ត រីឯប្អូនថ្លៃក៏ស្លាប់ផងដែរ ឥឡូវនេះសពបានដឹកយកទៅបូជានិងធ្វើបុណ្យតាមប្រពៃណីយសាសនានៅឯស្រុកកំណើត។

ទាក់ទិននឹងបញ្ហាខាងលើនេះ ចំពោះអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជដ្ធាភិបាលកម្ពុជា លោកបានជួយបរិច្ចាគនោះ គឺក្រុមគ្រួសាររបស់គាត់បានទទួលគ្រប់ចំនួនហើយ។ នៅមន្ទីរពេទ្យព្រះកុសមៈឯណេះវិញ ឃើញថាក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ និងគិតគូរជាទីបំផុត ដោយដាក់វេនប្រចាំការ២៤ម៉ោងតែម្តង។ ជាចុងក្រោយក្នុងនាមក្រុមគ្រួសារគាត់ជាកម្មករ សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះសំណាក់សម្តេចតេជោ និងក្រុមការងារ ដែលបានយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតដល់កម្មកររងគ្រោះទាំងអស់គ្នា ដែលបានទទួលរងគ្រោះថ្នាក់ការងារ រហូតដល់បាត់បង់ជីវិត និងរងរបួសស្រាលធ្ងន់ផងដែរ៕ធ.ដ

ដោយៈ សុផល

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner