អាជ្ញាធរ និងសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ និង ថវិកាឧបត្ថម្ភដល់គ្រួសារសពចំនួនពីរគ្រួសារ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុរលំបាក់អគារ នៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្ត រួមនឹងសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌ មានជាថវិកា និងគ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភដល់គ្រួសារសពចំនួនពីរគ្រួសារ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ និងដើម្បីចូលរួមរំលែក នូវមរណទុក្ខដ៏ក្រៀមក្រម ពីគ្រួសារនៃសពទាំងពីរ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងភូមិស្រែឬស្សី ឃុំស្រែសំបូរ ស្រុកសៀមប៉ាង។ ក្រុមការងារដែលនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភដល់គ្រួសារសពទាំងពីរ គឺបានធ្វើឡើងក្រោមការបង្ហាញវត្តមាន ពីអភិបាលរងខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ នាយករដ្ឋបាលខេត្ត លោក ចៅ មុន្នីរ៉ា រួមនឹងក្រុមការងារថ្នាក់ខេត្ត និងស្រុកជាច្រើនរូបទៀតផងដែរ។

នាយករដ្ឋបាលខេត្តស្ទឹងត្រែង លោក ចៅ មុន្នីរ៉ា បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ ដោយសារការបាក់រលំសង្កត់ពីអគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុនោះ មានចំនួន២នាក់ ម្នាក់ឈ្មោះ ឡៃ តៃ ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករសំណង់ និងម្នាក់ទៀត ឈ្មោះ ចន រឿន ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់។ ជនរងគ្រោះទាំងពីរ មានស្រុកកំណើត នៅភូមិស្រែឬស្សី ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

លោកថា សាកសពទាំងពីរ ត្រូវបានបញ្ជូនមកដល់លំនៅដ្ឋាននៅស្រុកកំណើតវិញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ ហើយនៅព្រឹកថ្ងៃទី២៤មិថុនានេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភដល់ក្រុមគ្រួសារនៃសពទាំងពីរ មានជាថវិកា និងគ្រឿងឧបភោគ បរិភោគ ក្នុងនោះ កាកបាទក្រហមថ្នាក់ជាតិ ផ្តល់ថវិកា៥លានរៀល អង្ករ១២០គីឡូក្រាម មី៥កេស ត្រីខកំប៉ុង ៥កេស និងទឹកផ្លែឈើ៥កេស។ ចំពោះសាខាកាកបាទក្រហមខេត្ត បានឧបត្ថម្ភ អង្ករ៥០គីឡូក្រាម មី២កេស ត្រីខកំប៉ុង ២យួរ ទឹកក្រូច ២កេស ឃីត១កញ្ចប់ ថវិកា ១លានរៀល និងរដ្ឋបាលខេត្តស្ទឹងត្រែង ឧបត្ថម្ភ ថវិកា ១លានរៀល ក្នុង១សព បន្ថែមទៀតផងដែរ។

អភិបាលរងខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ បានថ្លែង អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត រួមនឹងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមសម្តែងការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយនឹងគ្រួសារនៃសពទាំងពីរ ក៏ដូចជាជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍ បាក់រលំអគារកម្ពស់៧ជាន់សង្កត់លើ នៅក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ សូមឲ្យវិញ្ញាក្ខន្ធជនរងគ្រោះបានទៅកាន់សុគតិភពចុះ។

យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកបានសរសេរថា ជនរងគ្រោះដែលបានស្លាប់ នៅក្នុងហេតុការបាក់រលំអគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ នោះ គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៩ ជនរងគ្រោះដែលបានរកឃើញ ជាសរុប មានចំនួន ៤៩នាក់ ក្នុងស្លាប់២៥នាក់ និងអ្នករងរបួស មានចំនួន ២៤នាក់ ២នាក់ជាស្រ្តី៕ធ.ដ

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner