សពប្តីប្រពន្ធរងគ្រោះក្នុងហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុត្រូវបានបញ្ជូនដល់ លំនៅឋាននៅខេត្តក្រចេះយប់មិញនេះ
ខេត្តក្រចេះ ៖ សពប្តីប្រពន្ធ ក្នុងចំណោមជនរងគ្រោះ នៅក្នុងហេតុការណ៏បាក់អគារកម្ពស់៧ជាន់នៅក្រុងកំពង់សោម ត្រូវបានបញ្ជូនដល់ស្រុកកំណើតកាលពី វេលាម៉ោង១២រំលងអាធ្រាត្រថ្ងៃទី២៤ នេះ នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ដ៏រន្ឋត់នេះ មានឈ្មោះ ទេព ណី ភេទប្រុស អាយុ៤៨ឆ្នាំ នឹងប្រពន្ឋឈ្មោះព្រុំ ដែន អាយុ៤៥ឆ្នាំ។
ដោយមានកាយកចិត្តទុកដាក់ពី សំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តក្រចេះ រួមនិងក្រុមការងារថ្នាក់ជាតិ នៅព្រឹកថ្ងៃចន្ទ ទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ឯកឧត្តម អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្រុមយុវជន សសយក ស្រុកសំបូរ។
មានប្រសាសន៍សំណេះសំណាល និងរំលែកទុក្ខ ជាមួយឪពុកម្តាយ និងបងប្អូននៃសព ឯកឧត្តម បានសម្តែងនូវការសោកស្តាយចំពោះគ្រោះមហន្តរាយមួយដែល មិនធ្លាប់មាន ដែលនេះមិនមែនជាគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ តែវាគឺជាគ្រោះមហន្តរាយមួយដែលបង្កឡើងដោយមនុស្ស ដែលបានកើតឡើង និងបានធ្វើឲ្យមនុស្សប្រមាណ២៥នាក់ហើយដែលបានស្លាប់ និងប្រមាណជាជាងម្ភៃនាក់ផ្សេងទៀត បានរងរបួស ដែលក្រុមជំនាញកាយរុករក មិនទាន់បាន បញ្ចប់នៅឡើយ ដែលអាចនិងរកឃើញមានអ្នកស្លាប់ ជាបន្តទៀតនៅក្នុងគំនរនៃអគារដែលបានដួលរលំ ទាំង៧ជាន់នោះ។
ជាមួយគ្នានេះ ឯកឧត្តម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការរំលែកនូវមរណទុក្ខជាមួយគ្រួសារសពផងដែរ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានប្រគល់នូវបច្ច័យបុណ្យសព ដោយក្នុងសពមួយទទួលបានថវិកាចំនួន៥,០០០,០០០ រៀល, អង្ករ ២០០ គ.ក្រ, មី៥កេស, ត្រីខ ៥ យួរ និងទឹកក្រូច៥កេស។
ដោយឡែកសម្រាប់សាខាខេត្តក្រចេះបានផ្តល់ជូនបន្ថែមដល់គ្រួសារសពរួមមាន៖ អង្ករ ៥០ គ.ក្រ សារុង២ ក្រមា២ មុង២ ភួយ២ មី២កេស ត្រីខ២យួរ ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ ស្ករស៦ គ.ក្រ និងថវិកា៤០០.០០០ រៀល៕ធ.ដ