សត្វត្រយងខ្លួនស មានវត្តមានប្រមាណ ៣០ទៅ៤០ក្បាលនៅបឹងព្រែកល្ពៅ
ភ្នំពេញ៖ សត្វត្រយងខ្លួនស ឬតំបន់ខ្លះហៅថាក្ងខ្លួនស( Black-headed Ibis) ជាសត្វកម្រមួយប្រភេទដែលកំពុងមានវត្តមានៅកម្ពុជា ហើយពិសេសនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុង ខេត្តតាកែវ។
បើតាមលោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្ស និង ជាអ្នកថតរូបសត្វស្លាបប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្ត តាកែវ បានបញ្ជាក់ប្រាប់ឱ្យដឹងថាសត្វត្រយងខ្លួនសនេះបច្ចុប្បន្នមានរស់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅប្រមាណ៣០-ទៅ៤០ក្បាល។
លោកបាននិយាយថា”សម្រាប់វត្តមានរបស់សត្វត្រយងខ្លួនស មាននៅរដូវទឹកមុនដំឡើងក្នុងខែកក្តដា និងរដូវទឹកសម្រកកំឡុងដើមខែ១២”។
គួរបញ្ជាក់ថាបើយោងតាមសៀវភៅសត្វស្លាបកម្ពុជាបានឱ្យដឹងថា៖សត្វត្រយងខ្លួនស ឬ ក្ងខ្លួនស ជាសត្វស្លាបមួយប្រភេទមាន ចំពុះកោងវែង ក ក្បាល ជើងមានពណ៌ខ្មៅ និងមានមាឌធំ ខ្លួនពណ៌ស។
ជាទូទៅសត្វត្រយងខ្លួនស មានកម្ពស់ប្រមាណជា៧៥-៧៦ សង់ទីម៉ែត្រ។សម្រាប់ ទីជម្រករបស់វាគឺព្រៃលិចទឹក ព្រៃកោងកាង ជាពិសេសនៅបឹងទន្លេសាប និងតំបន់ជុំវិញ។សត្វប្រភេទនេះតែងមានវត្តមានពេញមួយឆ្នាំ ជាប្រភេទជិតរងការគំរាមកំហែង៕
ដោយ៖ម៉ាដេប៉ូ




