អត្តពលិកកីឡាហាប់គីដូកម្ពុជា ទទួលបានការលើកចិត្តពីថ្នាក់ដឹកនាំ មុនចេញទៅប្រកួតជើងឯកពិភពលោក នៅប្រទេសថៃ

(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកីឡាហាប់គីដូកម្ពុជា ទទួលបាន​លើកទឹក​ចិត្ត​ពីលោក គួច ហុងជៀក អនុប្រធាន តំណាងឧកញ៉ា សៅ សេងហាក់ នៅក្នុង​ពិធីសំណេះសំណាល នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុនចេ​ញចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ពីថ្ងៃទី​០២-០៤ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅ ។

លោក គួច ហុងជៀក អនុប្រធានសហព័ន្ធ បានក្រើនរម្លឹកដល់កីឡាករ កីឡា​ការិនី​ជម្រើសជាតិហាប់គីដូកម្ពុជា ឱ្យប្រឹងប្រែងការប្រកួតឱ្យអស់ពីសមត្ថភាព ហើយអ្វីដែលសំខាន់បំផុត គឺសុខសុវត្ថិភាព វិន័យ ក្រមសីលធម៌ ដែលត្រូវ​តែ​រក្សាឱ្យបាន ក្នុងការប្រកួតកម្រិតពិភពលោក។ ដោយសារនេះជាការចូលរួម​ប្រកួតលើកដំបូងបំផុតរបស់ហាប់គីដូកម្ពុជា ដូច្នេះហើយលោកអនុប្រធាន​មិន​ផ្តោតសំខាន់ថាត្រូវតែដណ្តើមឱ្យបាននូវមេដាយនោះទេ បើទោះបីជាចាញ់ក្តី ឬឈ្នះក្តី ក៏យើងត្រូវតែទទួលយកដោយក្តីរីករាយទាំងអស់។

អនុប្រធាន បានបន្ថែមថា ៖ « យើងខ្ញុំពិតជាមានក្តីរីករាយខ្លាំងណាស់ ដែលគ្រូបង្វឹកបានព្យាយាមលះបង់ពេលវេលាបង្វឹកដល់កីឡាករ កីឡាការិនី ដើម្បីឱ្យយើងរើសបានធនធានកីឡាករ កីឡាការិនីសរុបចំនួន១៩នាក់ ចេញទៅប្រកួតជើងឯកពិភពលោក នៅប្រទេសថៃ ឆ្នាំ២០២៤ ដែលជាមោទនភាពរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ។

ជាមួយគ្នានេះ លោក គង់ ចាន់ធីណា គ្រូបង្វឹកកីឡាហាប់គីដូ បានគូសបញ្ជាក់ ថា ក្រោយពីសហព័ន្ធត្រូវបានបង្កើតឡើងអស់រយៈពេលជាច្រើនមកហើយ នេះជាលើកដំបូង ដែលសហព័ន្ធបានប្រឹងប្រែងចេញទៅប្រកួតកម្រិតពិភព​លោក​ជាលើកដំបូង ដោយសហព័ន្ធបានខិតខំរៃអង្គាសប្រាក់កាសរួមគ្នា​ឱ្យ​ចេញជារូបរាងឡើង ក្នុងការផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនី​បានចូល​រួមប្រកួតអន្តរជាតិបែបនេះ។

សូមបញ្ជាក់ថា ប្រតិភូកីឡាហាប់គីដូកម្ពុជា ដែលចូលរួមប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកពិភពលោក នៅប្រទេសថៃ មានចំនួនសរុប ២៤នាក់ ដឹកនាំដោយលោក ម៉ុក សាំងហ៊ុន ប្រធានប្រតិភូ និងលោកឃីម ណារិទ្ធ ប្រតិភូរង និងគ្រូបង្វឹក លោក គង់ ចាន់ធីណា អមដោយគ្រូជំនួយ២នាក់ និងកីឡាករ១១នាក់ និងកីឡាការិនី៨នាក់ ៕

អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner