ក្រសួងវប្បធម៌ បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានរៀបចំនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ពីភាពជោគជ័យ នៃ កិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងញូដេលី សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដឹកនាំគណៈប្រតិភូកម្ពុជា ក្នុងនេះមានថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការជាតិយូណេស្កូកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការបេតិភណ្ឌពិភពលោកក្នុងកិច្ច ការសម្រេចបញ្ចូលសម្បត្តិបេតិកភណ្ឌរបស់បណ្តាប្រទេសផ្សេងៗទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺជាយន្តការដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យតាមដានការអនុវត្តការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌរបស់ប្រទេសសមាជិក និងដើម្បីធ្វើការពិនិត្យវាយតម្លៃលើសំណើរបស់ប្រទេសនានាដែលបានស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោកថ្មីៗផងដែរ។

ឯកឧត្តមបានបញ្ជាក់ដែរថាបើ យោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំនៅទីក្រុងញូដេលី ប្រទេសកម្ពុជា បានគោរពអនុវត្តត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនានាជាអន្តរជាតិ និងអនុវត្តតាមលក្ខខណ្ឌតម្រូវនានារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។
ឯកឧត្តមបានថ្លែងឱ្យដឹងដែរថា នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ បានលើកឡើងពី យន្តការអនុវត្តរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ គឺជាយន្តការគំរូមួយសម្រាប់កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដែលមកដល់ពេលនេះ យន្តការ ICC Angkor មានអាយុកាល ៣០ឆ្នាំ និងបានបន្តរយៈពេល ១០ឆ្នាំទៅមុខទៀត។

សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោកដែលផ្ទៃក្រឡាធំជាងគេ និងមានប្រជាជនរស់នៅច្រើនជាងគេ និងបានប្រសិទ្ធនាមថា ជាតំបន់បេតិកភណ្ឌមានជីវិត ព្រោះមានការរស់នៅប្រជាពលរដ្ឋ និងបានថែរក្សាជំនឿ ប្រពៃណី ទំនៀមទំលាប់របស់ពួកគេជាមួយនឹងប្រាសាទ៕




ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ងីម ឆៃហួត