លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅអោយពង្រឹងការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងលប់បំបាត់ក្មេងទំនើង
(ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក -លោកស្រីចៅសង្កាត់ លោកមេប៉ុស្តី និង ស្មៀនសង្កាត់ទាំង ៨ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងរដ្ឋ និង ឯកជនទូទាំងខណ្ឌ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្ត ដោយណែនាំអោយគណៈបញ្ជាការឯកភាពសង្កាត់ ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេស ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងត្រូវរួមគ្នាលប់បំបាត់សកម្មក្មេងទំនើងអោយមានប្រសិទ្ធិភាព ចុះត្រួតពិនិត្យជាប្រចាំនៅតាមសាលារៀន តាមហាងកាហ្វេ តាមវត្តអារាម និងនៅតាមភូមិសាស្ត្រងាយរងគ្រោះដោយក្រុមក្មេងទំនើងជួបជុំប្រមូលផ្តុំ ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។

ដើម្បីលើកកំពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំអនុវត្តអោយមានប្រសិទ្ធភាពក្នុងចុះការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរថែមទៀត ជាពិសេសត្រូវរៀបចំកម្លាំងល្បាតទាំងថ្ងៃទាំងយប់ដើម្បីការពារសន្តិសុខ មុនពេល ក្នុងពេល និងក្រោយពេល ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីយភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោកអភិបាលខណ្ឌបានបន្តថា សូមគណៈគ្រប់គ្រងនៅតាមសាលាទាំងរដ្ឋ និងឯកជន យកចិត្តទុកដាក់ ពង្រឹងវិន័យ លុបបំបាត់សកម្មភាពក្មេងទំនើង កុំឲ្យកើតមានក្នុងសាលា ជាពិសេសតាមដានវត្តមានសិស្សជាប្រចាំបើមានការសង្ស័យឬឈប់គ្មានហេតុផលសូមផ្ដល់ព័ត៌មានទៅអាណាព្យាបាល មាតាបិតាសិស្ស សកម្មភាពក្មេងទំនើងនេះមិនសំដៅថា កើតមាននៅក្នុងសិស្សដែលរៀននោះទេគឺអាចពេលខ្លះ ក្មេងមកពីខាងក្រៅចូលទៅធ្វើសកម្មភាពនៅក្នុងបរិវេណសាលាបើមានការសង្ស័យសូមឲ្យលោកនាយកសាលាទាំងអស់រាយការណ៍បន្ទាន់មក គណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់ដើម្បីចាត់វិធាន។

ជាមួយនេះដែរ លោកអភិបាលខណ្ឌបាន ណែនាំបន្ថែមដល់លោកនាយកសាលាទាំងអស់ សូមបញ្ជ្រាបការយល់ដឹង ពីផលប៉ះពាល់ ដោយសារគ្រឿងញៀន ពន្យល់ពីបញ្ហាល្បែងស៊ីសង និងបង្រៀនពីច្បាប់ចរាចរ។ ពិសេសរួមគ្នាលុបបំបាត់ក្មេងទំនើងកុំអោយកើតមាននៅក្នុងបរិវេណសាលារៀន នេះជាការជួយតម្រងទិសអោយក្មេងៗដើរលើផ្លូវល្អ ជួយការពារទ្រព្យសម្បត្តិក្រុមគ្រួសារ ជួយឪពុកម្តាយកុំអោយមានការពិបាកចិត្ត ការពារប្រជាពលរដ្ឋកុំអោយរស់នៅក្នុងស្ថានភាពភ័យខ្លាច ៕

ដោយ ៖ វណ្ណលុក