កូនត្រីចម្រុះប្រាំម៉ឺនក្បាលត្រូវបានលែងទៅក្នុងអាងស្ទឹងព្រៃប្រស់
កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំកាលពីព្រឹកថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីលែងកូនត្រីពូជចម្រុះប្រាំម៉ឺនក្បាលចូលអាងស្ទឹងព្រៃប្រស់ ស្ថិតក្នុងភូមិព្រៃប្រស់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងឱកាសទិវាមច្ឆជាតិ ឆ្នាំ២០២៤នេះ។ពិធីនេះក៏មានការចូលរួមពី អាជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ សហគមន៍ និងការឧបត្ថម្ភ ពីអង្គការ AFD , CI, ANKO, HURREDO, Fact, IIRR និងដៃគូពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរ,សមត្ថកិច្ចជំនាញ ត្រូវបន្តផ្សព្វផ្សាយច្បាប់ស្តីពីជលផលដើម្បីឱ្យប្រជាពលរដ្ឋជ្រួតជ្រាប។បន្តបង្ក្រាបបទល្មើសជលផលដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ។ត្រូវខិតខំពង្រឹងសមត្ថភាពដល់សហគមន៍នេសាទដែលបានបង្កើតឡើងរួចហើយឱ្យបានរឹងមាំ ។បង្កើតស្រះជម្រកត្រីសហគមន៍ ជំរុញបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេសាទឱ្យងាកមកធ្វើកសិកម្មចម្រុះបន្ថែមទៀត។
ឯកឧត្តមបន្តថា ត្រូវថែរក្សាបង្គោលព្រំប្រទល់ ,ការពារគ្រប់គ្រងកន្លែងអភិរក្សជលផល ប្រកបដោយប្រសិទ្ធភាព។អាជ្ញាធរស្រុក ឃុំ ដែលមានព្រៃលិចទឹកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតបន្ថែមទៀត ចំពោះជនល្មើសបំផ្លាញព្រៃលិចទឹក និងការពារព្រៃលិចទឹកឱ្យបានគង់វង្ស។ត្រូវបន្តដាំកូនឈើនៅព្រៃលិចទឹកឱ្យបានច្រើនលើដីត្រូវបានដកហូត ព ការទន្ទ្រាន ដើម្បីស្ការព្រៃលិចទឹកឡើងវិញ។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា កូនត្រីពូជដែលនៅថ្នាក់ខេត្តពេលនេះមានចំនួន៥០.០០០ក្បាល រួមមាន កូនត្រីឆ្ពិននិងកាហែចំនួន៤៥.០០០ក្បាល,កូនត្រីព្រលូងចំនួន៥ .០០០ក្បាល និងត្រីមេពូជចំនួន១០០គីឡូក្រាម៕
ដោយ៖ប៊ុនរដ្ឋា