សាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បន្តចុះជួយពលរដ្ឋងាយរងគ្រោះ ចាស់ជរាមានជំងឺ នៅសង្កាត់ស្វាយប៉ាក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជាពិសី រួមដំណើរដោយលោកស្រី សួស សូលីដា បានបន្តដឹកនាំសហការី ដើម្បីនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចូលរួមចំណែកឧបត្ថម្ភជួយដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងមានជំងឺ ក្នុងការឆ្លើយតបតាមការដឹងនាំចង្អុលបង្ហាញចំគោលដៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្ថិតនៅសង្កាត់ស្វាយប៉ាក នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ។

ក្នុងសកម្មភាពមនុស្សធម៌ខាងលើនេះ ក្នុងនាមជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោកស្រី អាន ផល្លា ជាពិសី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែង ព្រោះនៅទីណាឱ្យតែមានប្រជាពលរដ្ឋងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដូចជាក្នុងពេលនេះ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់-ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា ជាពិសី និងលោកស្រី សួស សូលីដា ជាមួយសហការី នេះផងដែរ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner