កំពុងតែកាន់ទូរសព្ទសែលហ្វី ត្រូវជនសង្ស័យម្នាក់ឆក់បានសម្រេច តែត្រូវពលរដ្ឋជួយចាប់បានប្រគល់ឲ្យសមត្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសម្នាក់កំពុងឈរសែលហ្វី បានសម្រេច តែត្រូវប្រជាពលរដ្ឋជួយដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងនិងផ្លូវ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មឿន ពុធសារ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិតាម៉ៅកណ្ដាល ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ រីឯជនរងគ្រោះឈ្មោះ ជាង នី អាយុ៣១ឆ្នាំ មុនរបបជាងឡាន ស្នាក់នៅម្ដុំស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ  រូបគាត់បានឈរចាំឡានជិះ ដោយបានយកទូរសព្ទសែលហ្វីផងដែរ ពេលនោះក៏លេចមុខជនសង្ស័យបានដើរមកក្បែរ រួចធ្វើសកម្មភាពឆក់ទូរសព្ទរបស់គាត់បានសម្រេចតែម្ដង។ ភ្លាមៗគាត់បានស្រែកថា ចោរៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរជួយដេញចាប់បាន ហើយប្រគល់ឲ្យសមត្ថកិច្ច យកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំដើម្បីសួរនាំ ហើយគាត់ក៏បានដាក់ពាក្យប្តឹងជនសង្ស័យផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការបន្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner