ស្ពានដែកសម្រាប់ទ្របំពង់នាំទឹកទំហំ២ម៉ែត្រឆ្លងទន្លេសាប គ្រោងនឹងសាងសង់ឡើង នៅខាងជើងស្ពានព្រែកព្នៅ

ភ្នំពេញ៖ ស្ពានដែកសម្រាប់ទ្របំពង់នាំទឹកទំហំ២ម៉ែត្រឆ្លងទន្លេសាប កំពុងតែធ្វើសំណើសុំសាងសង់ឡើងនៅខាងជើងស្ពានព្រែកព្នៅ។ នេះជាការលើកឡើងរបស់ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំសាងសង់ស្ពានដែកសម្រាប់ទ្របំពង់នាំទឹកទំហំ២ម៉ែត្រ ឆ្លងទន្លេសាប នៅខាងជើងស្ពានព្រែកព្នៅ ដោយមានការចូលរួមពីថា្នក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ នៅថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យទៅលើសំណើរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គម្រោងរៀបចំបណ្តាញបំពង់នាំទឹក ឆ្លងកាត់ទន្លេសាប ដែលមានទំហំ២ម៉ែត្រ នៅតំបន់ស្ពានព្រែកព្នៅ។

សូមបញ្ជាក់ថា គម្រោងនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីតបណ្ដាញទឹកពីស្ថានីយបូមទឹកបាក់ខែង មកតំបន់ភាគខាងលិច ដោយឆ្លងកាត់ទន្លេសាប (តំបន់ស្ពានព្រែកព្នៅ) និងផ្លូវជាតិលេខ៦A ។

ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ពេលវេលា ក្នុងការសិក្សា និងផ្តល់ធាតុចូលលើគម្រោងនេះ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យគណៈកម្មការអន្តរក្រសួង ធ្វើការសិក្សាឱ្យបានលម្អិត ដើម្បីធានានូវសុវត្ថិភាព សោភណ្ឌភាព និងនិរន្តរភាពផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner