បុរសបែកថ្នាំម្នាក់ ដុតផ្ទះឆេះអស់មួយបន្ទប់ និងគំរាមសម្លាប់ប្រពន្ធកូនចោល ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ និងឃាត់ខ្លួន

ភ្នំពេញ៖ ឥទ្ធិពលគ្រឿងញៀន បានធ្វើឲ្យបុរសម្នាក់ដែលមានប្រពន្ធ និងកូន បានបែកថ្នាំ និងដុតផ្ទះឆេះអស់មួយបន្ទប់ ថែមទាំងគំរាមសម្លាប់ប្រពន្ធកូនចោលថែមទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ចុះអន្តរាគមន៍ និងឃាត់ខ្លួន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅលើផ្ទះសង់ថ្មី ក្នុងភូមិអណ្តូងទី៤ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បុរសដែលបែកថ្នាំខាងលើមានឈ្មោះ ប៉ន ស្រស់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅសហគមន៍អណ្តូង៤ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ធ្លាប់ជាប់ពន្ធនាគារព្រៃស២ឆ្នាំពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងចេញពីពន្ធនាគារនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បុរសខាងលើ បានប្រើគ្រឿងញៀន រហូតបាត់បង់សតិ ឬហៅថាបែកថ្នាំ ឈានទៅធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងដុតផ្ទះឆេះអស់មួយបន្ទប់ ព្រមទាំងគំរាមសម្លាប់ប្រពន្ធកូន បណ្តាលឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។

ក្រោយពេលធ្វើសកម្មភាពបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ ដុតផ្ទះ និងគំរាមសម្លាប់ប្រពន្ធកូនរួចមក នៅវេលាម៉ោងប្រមាណ១២៖៣០នាទី បុរសបែកថ្នាំខាងលើ បានរត់ឡើងលើដំបូលផ្ទះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងអន្តរាគមន៍អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើឲ្យបុរសខាងលើលោតពីលើដំបូលផ្ទះ បណ្តាលឲ្យមានរបួស ត្រូវអាវុធហត្ថរាជធានីជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្ស៊ីផងដែរ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងចាត់ការតាមនីតិវិធីលើជនសង្ស័យរូបនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner