ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយាន ក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម”

អត្ថបទដោយ៖
Kien Sereyvuth

ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម” នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លើកឡើងក្នុងពិធិបិទការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩ នាល្ងាចម្សិលមិញ នៅពហុកីឡដ្ឋានជាតិ។

តាមរបាយការណ៍ លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយកីឡាសិស្សនិស្សិត និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា រាជធានីភ្នំពេញ ឈរលើកំពូលតាដោយឈ្នះមេដាយមាស២៧ ប្រាក់១៩ និងសំរឹទ្ធិ១៤ សរុប៦០គ្រឿង លេខ២ ខេត្តកណ្តាល មាស១០ ប្រាក់២ និងសំរឹទ្ធិ១៦ សរុប២៨គ្រឿង ខណៈខេត្តកំពត លេខ៣ មាស៩ ប្រាក់១៨ និងសំរឹទ្ធិ ៩ សរុប៣៦គ្រឿង ចំណែកឯ១៩ខេត្តទៀត ក៏ឈ្នះមេដាមាស ប្រាក់ និងសំរឹទ្ធិផងដែរ ខណៈ៣ខេត្ត គឺខេត្ត កែប កោះកុង និងព្រះវិហារ មិនឈ្នះមេដាយសូម្បីតែមួយ ក្នុងចំណោម១១ប្រភេទកីឡា ដែលមានវិញ្ញាសាសរុបចំនួន៩៥ ដាក់អោយប្រកួត។

ឯកឧត្តម ស សុខា បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនោះសម្តេចបានចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម”។

ដូច្នេះហើយ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រ នៃការអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡា នៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិត្រៀមសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។

ដើម្បីឱ្យការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡា ឱ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តម ស សុខា ក៏សូមអំពាវនាវផងដែរដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍សប្បុរសជន និងប្រជាជនសូមចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិយើង។ ក្រោមពាក្យស្លោក “រួមគ្នាធ្វើអ្វីៗទាំងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យនៅស៊ីហ្គេមឆ្នាំ២០២៣” ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner