បញ្ជាការដ្ឋានកងទ័ពជើងគោក ទទួលបានជំនួយរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ពីក្រុមហ៊ុនជប៉ុន
រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង និងរថយន្តពេទ្សសង្គ្រោះបន្ទាន់ចំនួន១គ្រឿង ដែលបំពាក់ដោយសម្ភារពន្លត់អគ្គិភ័យ និងសម្ភារបរិក្ខារពេទ្យរួចជាស្រេច ជាអំណោយរបស់ក្រុមហ៊ុនជប៉ុន ត្រូវបានធ្វើការប្រគល់ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើនៅបញ្ជា
ការដ្ឋានកងទ័ពជើងគោក (កន្ទោក) ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរងកងទ័ពជើងគោក និងលោក TAKAHITO FUJIWARA តំណាងក្រុមហ៊ុនជប៉ុន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោកជានាយទាហានជាន់ខ្ពស់ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត។

តាមប្រសាសន៍លោក TAKAHITO FUJIWARA តំណាងក្រុមហ៊ុនជប៉ុន បានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យ និងរថយន្តពេទ្យសង្គ្រោះបន្ទាន់ទាំងនេះ បានមកពីការជួយឧត្ថម្ភរបស់ក្រុមហ៊ុនជប៉ុនចំនួន០៣ គឺក្រុមហ៊ុន UGS CO LTD ក្រុមហ៊ុន OTO KUNIFIRE DEPARTMENT HERDQUARTERS និងក្រុមហ៊ុន JAPAN SILVER SUPPORTCOOPERTIVE
ដែលមានទឹកប្រាក់សរុបជាង២សែន៥ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។ លោកតំណាងក្រុមហ៊ុនជប៉ុនបានបន្ថែមទៀតថា ការនាំយករថយន្តពន្លត់អគ្គិភ័យ និងរថយន្តពេទ្យសង្គ្រោះបន្ទាន់ ប្រគល់ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក នាពេលនេះ ដើម្បីអង្គភាពមានលទ្ធភាពក្នុងការប្រើប្រាស់ចល័តពន្លត់អគ្គិភ័យ និងជួយង្គ្រោះព្យាបាលដល់យុទ្ធជំងឺ និងប្រជាពលរដ្ឋ។

អញ្ជើញមានប្រសាសន៏នាឱកាសនោះ ឯកឧត្តម ខឹមជា សាឃឿន ជំនួសមុខឱ្យឯកឧត្តមឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងថ្នាក់ដឹកនាំ នាយ ពលទាហាន ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាយវិការមនុស្សធម៌របស់ក្រុមហ៊ុនជប៉ុនទាំងបី តាមរយៈលោក KATAHITO FUJIWARA នាពេលនេះជា
ការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការគិតគូរពីសុខទុក្ខ និងការខ្វះខាតរបស់កងយោធពលខេមរភូមិន្ទ ពិសេសបញ្ជាការដ្ឋានកងទ័ពជើងគោក។

ឯកឧត្តមបានបន្ថែមទៀតថា នេះជារថយន្តពន្លត់អគ្គិភ័យ និងរថយន្តពេទ្យសង្គ្រោះបន្ទាន់ ដើម្បីជួយទ្រទ្រង់ និងផ្ដល់គ្រប់លទ្ធភាពដល់កងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក គិលានដ្ឋានគ្រប់អង្គភាពរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកក្នុងការសង្គ្រោះ។ ឯកឧត្តម ក៏បានរំលឹកថា រថយន្តពន្លត់អគ្គិភ័យ និងរថយន្តពេទ្យសង្គ្រោះបន្ទាន់ដែលបានផ្ដល់ជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នាពេលនេះមិនមែនសម្រាប់តែកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវជួយដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយគ្រោះអគ្គិភ័យ និងការដឹកជញ្ជូនសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះជាប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ។

ឯកឧត្តម ខឹមជា សាឃឿន បានរំលឹកដល់ក្រុមជំនាញពន្លត់អគ្គិភ័យ និងក្រុមគ្រូពេទ្យយោធា ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក សូមប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងរថយន្តគិលានសង្គ្រោះនេះ ជាលក្ខណ:មនុស្សធម៌ និងប្រកបដោយវិជ្ជាជីវៈ៕ធ.ដ


