ស្លាកយីហោហាងចិននៅតែមានដាក់លើចិញ្ចើមផ្លូវ អាជ្ញាធរបន្តចុះកាត់ចេញ
ភ្នំពេញ៖ ស្លាកយីហោហាងចិន នៅតែមានដាក់ហៀរមកលើចិញ្ចើមផ្លូវសាធារណៈ នៅតាមដងផ្លូវចូលផ្សារព្រៃទា ក្នុងភូមិសាស្ត្រម្ខាងម្នាក់បុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ និងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ទោះជាកន្លងមក ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដាក់កម្លាំងចុះកាត់ស្លាកទាំងនោះចេញ នៅសេសសល់ធ្វើការអប់រំ ម្ចាស់ទីតាំងឲ្យលើកចេញ ប៉ុន្តែហាក់ដូចជាមនស្តាប់ការណែនាំរបស់អាជ្ញាធរ ទើបនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងមានការឯកភាពពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌ បន្តដឹកនាំកម្លាំង ចាត់វិធានការស្លាកយីហោណាដែលម្ចាស់រឹងរុស ដើម្បីកាត់យកចេញ។

លោក ប៉ាង លីដា បានឲ្យដឹងថា កន្លងមក អាជ្ញាធរ ចុះរៀបចំសណ្តាប់ធ្នាប់ ចំណុចខាងលើនេះ ម្តងជាពីរដងហើយ កាត់ស្លាកដែលហាងចិនដាក់មកលើចិញ្ចើមផ្លូវសាធារណៈ នៅសេសសល់ ក៏បានធ្វើការអប់រំដល់ម្ចាស់តម្រូវឲ្យរុះរើដោយខ្លួនឯង ក៏ប៉ុន្តែមកដល់ពេលនេះ ហាងចិនទាំងនោះ មិនបានរុះរើស្លាករបស់ខ្លួនចេញពីចិញ្ចើមផ្លូវ មានហាងខ្លះ ធ្លាប់កាត់ម្តងហើយ មកលួចដំឡើងស្លាកថ្មីម្តងទៀត ទើបអាជ្ញាធរបន្តចាត់វិធានការ ដាក់កម្លាំងកាត់យកស្លាកយីហោទាំងនោះចេញ និងត្រួតពិនិត្យមើល ហាងអាជីវកម្ម បោះពុម្ព ផលិតស្លាកយីហោរបស់ចិនមួយកន្លែង ដែលសាកសួរទៅ មិនមានច្បាប់អាជីវកម្ម ត្រូវបានអាជ្ញាធរសម្រេចឲ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងអនុញ្ញាតពេល៧ថ្ងៃ ដើម្បីឲ្យម្ចាស់ធ្វើច្បាប់អាជីវកម្មត្រឹមត្រូវ៕ធ.ដ

