ការនាំចេញកៅស៊ូរបស់វៀតណាមធ្លាក់ចុះ ដោយសារសង្គ្រាមពាណិជ្ជកម្ម និងការដំឡើងពន្ធរបស់ចិន

ការនាំចេញកៅស៊ូវៀតណាមបានធ្លាក់ចុះ កាលពីខែឧសភា ឆ្នាំ២០១៩នេះ ដោយសារតែការផ្លាស់ប្តូរគោលនយោបាយរបស់ចិន និងឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន។ នេះបើតាមតំណាងនាយកដ្ឋានកៅស៊ូវៀតណាម Việt Nam Rubber Group (VRG) ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី១៨ មិថុនានេះ។

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មថា កាលពីខែឧសភា ការនាំចេញជ័រកៅស៊ូមាន៨ម៉ឺនតោន តម្លៃ១១៦លានដុល្លារអាម៉េរិក បើប្រៀបធៀបនឹងខែមេសា កើនឡើងបរិមាណ៦ភាគរយ ហើយតម្លៃវិញកើនឡើង៧ភាគរយ។ យ៉ាងណាក្តី ទំហំនៃការនាំចេញនេះ បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ មានការធ្លាក់ចុះបរិមាណ២៦,៥ភាគរយ ហើយតម្លៃវិញធ្លាក់ចុះ២៦,២ភាគរយ។ ប៉ុន្តែសម្រាប់រយៈពេល៥ខែដំបូងនៃឆ្នាំ២០១៩ ការនាំចេញកៅស៊ូបានឈានដល់៤៩៥០០០តោន តម្លៃ៦៧៣លានដុល្លារអាម៉េរិក កើនឡើងជិត១២ភាគរយលើបរិមាណ ខណៈដែលតម្លៃវិញ ក៏កើនឡើង៤ភាគរយដែរ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨។

ការនាំចេញកៅស៊ូធ្លាក់ចុះនៅខែឧសភា ដោយសារតែចិនបង្កើនពន្ធនាំចូលកៅស៊ី១០ភាគរយ នេះបើតាមលោកTuấn Anh អនុប្រធាននាយកទីផ្សារនៃនាយកដ្ឋានកៅស៊ូវៀតណាម Việt Nam Rubber Group (VRG)  ប្រាប់សារព័ត៌មាន bizlive.vn។ លោកបន្តថា សង្គ្រាមពាណិជ្ជកម្ម ក៏បានបណ្តាលឲ្យសហគ្រាស និងរោងចក្រកៅស៊ីប្រុងប្រយ័ត្នលើទីផ្សារកៅស៊ូសកលដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner