ប្រមុខដឹកនាំកំពូលចិន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងជើង នៅក្នុងសប្ដាហ៍នេះ
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់។ លោក ស៊ី ជិនពីង នឹងក្លាយជាប្រធានាធិបតីចិនដំបូងបំផុត ដែលនឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៥មក។

ប្រភពដដែលបន្តថា ប្រធានាធិបតីចិនរូបនេះ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ តបតាមការអញ្ជើញរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ដោយឡែក សារព័ត៌មានរដ្ឋចិន CCTV ក៏បានទទួលស្គាល់ពីដំណើរទស្សនកិច្ចនេះដែរ ហើយថែមទាំងបញ្ជាក់ដែរថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើទំនាក់ទំនងទ្វេភាគី និងស្ថានភាពនៅលើឧបទ្វីបកូរ៉េ៕ធ.ដ


