លោក Joe Biden នាំមុខគេក្នុងយុទ្ធនាការស្វែងរកការតែងតាំងជាបេក្ខជន ប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ
សហរដ្ឋអាម៉េរិក៖ លោក ចូ បៃឌេន កំពុងបន្តនាំមុខគេនៅក្នុងចំណោមបេក្ខជនជាង២០នាក់ដែលកំពុងប្រជែងគ្នា ដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាម៉េរិក។

ការស្ទង់មតិមួយរបស់សកលវិទ្យាល័យ ហ្គីននីភីគ (Quinnipiac) នៅសប្តាហ៍នេះ បង្ហាញថា លោក បៃឌេន មានការគាំទ្រ៣០ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ បន្ទាប់មកគឺលោក ប៊ឺនី សាន់ឌើ ដែលជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ វើម៉ុន ដែលទទួលបានការគាំទ្រពីអ្នកបោះឆ្នោតចំនួន១៩ភាគរយ និងបន្ទាប់មកគឺលោកស្រី អេលីហ្សាប៊េដ វ៉ារិន សមាជិកព្រឹទ្ធសភាមកពីរដ្ឋ ម៉ាសាជូសេដ ដែលមានការគាំទ្រចំនួន១៥ភាគរយ។

គួរបញ្ជាក់ថា ក្នុងការធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅរដ្ឋ ឡូវ៉ា នៅសប្តាហ៍នេះ លោក បៃឌេន បានបន្តផ្តោតលើប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដោយរិះគន់ថា លោក ត្រាំ នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបំភ័យអ្នកបោះឆ្នោត និងធ្វើឲ្យមានការស្អប់គ្នា។ ចំណែកឯលោក ដូណាល់ ត្រាំ ក៏ផ្តោតទៅលើលោក ចូ បៃឌេន ដូចគ្នាដែរ ដោយលោក ត្រាំ បាននិយាយថា នឹងយកឈ្នះលោក បៃឌេន នៅពេលឆាប់ៗខាងមុខជាក់ជាមិនខាន៕ធ.ដ

