មេដឹកនាំអ៊ីរ៉ង់ថា សម្ព័ន្ធមិត្តខ្លួននឹងមិនចុះចាញ់ក្នុងសង្គ្រាមប្រឆាំងអ៊ីស្រាអែលឡើយ

តេហេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់បានអះអាងនៅក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសុក្រថា សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅជុំវិញតំបន់ នឹងបន្តប្រយុទ្ធជាមួយអ៊ីស្រាអែលរហូតដល់ដំណាក់កាលចុងក្រោយ។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ថា សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅជុំវិញតំបន់ នឹងមិនរាថយឡើយ នៅក្នុងការតស៊ូប្រយុទ្ធជាមួយអ៊ីស្រាអែល ហើយបានការពារការបាញ់ស្រោចមីស៊ីលរាប់រយគ្រាប់ប្រឆាំងនឹងអ៊ីស្រាអែល។

ថ្លែងនៅមុនខួបមួយឆ្នាំ នៃការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែល ដែលបង្កឲ្យមានសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានការពារសកម្មភាពសមហេតុផល និងផ្លូវច្បាប់របស់ក្រុមប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល ហើយបានសាទរចំពោះការវាយប្រហារយ៉ាងចាស់ដៃប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល។

អស់ពេលជិតមួយឆ្នាំនៃសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប អ៊ីស្រាអែលបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅលើភាគខាងជើង ក្នុងគោលបំណងអនុញ្ញាតឱ្យប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ដែលភៀសខ្លួន ដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា អាចឆ្លងព្រំដែនត្រឡប់ទៅផ្ទះវិញ។

យោធាអ៊ីស្រាអែលបានបើកការវាយប្រហារកាន់តែខ្លាំងទៅលើទីតាំងរឹងមាំរបស់ក្រុមហេសបូឡា នៅជុំវិញប្រទេសលីបង់ ដោយបានសម្លាប់មនុស្សជាង ១,១១០នាក់ហើយ ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា និងបង្ខំមនុស្សរាប់សែននាក់ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង នៅក្នុងប្រទេសមួយដែលកំពុងជាប់គាំងក្នុងវិបត្តិសេដ្ឋកិច្ចស្រាប់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner