រថយន្តកូរ៉ូឡាពន្លះទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ជាច្រើនជុំ ឯអ្នកបេីកបររងរបួសស្រាល
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងយ៉ាងលឿនដូចហោះជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តក្រឡាប់ជាច្រើនជុំរងការខូចខាតស្ទើរទាំងស្រុង រីឯតៃកុងរងរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែងនឹងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡា មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AF-3851 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកែងនឹងផ្លូវ៥២៨ ក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់១កង់ខ្ទាតមកកណ្ដាលផ្លូវ ចំណែករថយន្តបង្កបានក្រឡាប់ជាច្រើនជុំផ្ងាជើងឡើងលើ ហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុជួយលើករថយន្តក្រឡប់មកវិញ។ រីឯអ្នកបេីកបររងរបួសស្រាលនិងបានឡើងជិះម៉ូតូកង់បី រួចប្រាប់សមត្ថកិច្ចថាសុំទៅព្យាបាលរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយគ្នាទៅតាមក្រោយ ៕ ដោយ៖ ជីម ភារ៉ា





