ក្រុងប៉ាតាយ៉ារបស់ថៃគ្រោងចំណាយប្រាក់ជិត៧លានដុល្លារអាម៉េរិក ទប់ទល់នឹងបញ្ហាទឹកជំនន់
អត្ថបទដោយ៖
Kien Sereyvuth
គម្រោងចំនួន១០ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅក្នុងទីក្រុងប៉ាតាយ៉ា ត្រូវបានឯកភាព ដោយនឹងចំណាយទឹកប្រាក់ប្រមាណជា២១៨លានបាត ឬជិត៧លានដុល្លារសម្រាប់ជួសជុល និងកែប្រែតំបន់ចំនួន២០នៅជុំវិញទីក្រុងប៉ាតាយ៉ា នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន pattayamail កាលពីចុងសប្តាហ៍។

ផែនការទាំងនេះ មានដូចជាការពង្រីកបំពង់ទឹកក្រោមដី ដំឡើងឧបករណ៍ប៉ូមទឹកបន្ថែម ក៏ដូចជាទិញឧបករណ៍ប្រើប្រាស់ជំនួយផ្សេងទៀតផងដែរ។ គួរឲ្យដឹងថា ប្រព័ន្ធបង្ហូរទឹកដែលដំឡើងក្នុងទីក្រុងប៉ាតាយ៉ាសព្វថ្ងៃ មានសមត្ថភាពបង្ហូរទឹកត្រឹម៦៥០០០ម៉ែត្រគូបប៉ុណ្ណោះ ខណៈដែលទឹកជាង៨០០០០ម៉ែត្រគូប ត្រូវបានបង្ហូររាល់ថ្ងៃដែលជាហេតុបង្កឲ្យមានទឹកជំនន់ជាញឹកញាប់៕ធ.ដ


