សហភាពអឺរ៉ុបមានបំណងចរចាជាមួយអង់គ្លេសឡើងវិញ ជុំវិញដំណើរការ ចាកចេញពីសហភាពអឺរ៉ុប
អង់គ្លេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជែរែមី ហាន់ត៍ (Jeremy Hunt) បានធ្វើការកត់សម្គាល់មួយ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News កាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុបមានបំណងចង់ចរចាជាថ្មីឡើងវិញជាមួយអង់គ្លេស ជុំវិញកិច្ចព្រមព្រៀងនៃការចាកចេញ «Brexit» ដែលកំពុងបង្កការបែកបាក់ នៅក្នុងចំណោមអ្នកនយោបាយអង់គ្លេស។

សេចក្តីថ្លែងរបស់ លោក Jeremy Hunt នេះ ត្រូវបានធ្វើឡើងដោយផ្អែកលើសម្ដីរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល ដែលបានជួបសន្ទនាជាមួយរូបលោកផ្ទាល់ នាឱកាសនៃការប្រារព្ធទិវា D-Day ដោយលោក Hunt បានគូសបញ្ជាក់យ៉ាងដូច្នេះថា « លោកស្រី មឺគែល បានប្រាប់ខ្ញុំថា សហភាពអឺរ៉ុបចង់ស្វែងរកដំណោះស្រាយនានា ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ហើយខ្ញុំជឿជាក់ថា បើសិនជាយើងសម្រេចចិត្តដើរផ្លូវមួយនេះ នោះសហភាពអឺរ៉ុបនឹងចរចាស្ដីពី Brexit ជាមួយពួកយើងឡើងវិញ»។

គួរបញ្ជាក់ថា លោក Jeremy Hunt គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនល្បីៗជាច្រើននាក់ ដែលកំពុងប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May)។ លោកស្រី May បានប្រកាសលាលែងពីតំណែងជា នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សអភិរក្សនិយម ដោយសារតែលោកស្រី មិនអាចយកអង់គ្លេស ចេញពីសហភាពអឺរ៉ុបបានតាមការសន្យា៕ធ.ដ
