មន្ត្រីជាន់ខ្ពស់អាម៉េរិកស្នើឲ្យពន្យារពេលអនុវត្តន៍ទណ្ឌកម្មលើក្រុមហ៊ុនHuawei

សហរដ្ឋអាម៉េរិក៖ នាយកស្ដីទីទទួលបន្ទុកគ្រប់គ្រងកញ្ចប់ថវិកាសេតវិមាន លោក រូស្សែល វូក (Russell Vought) បានលើកឡើងនូវសំណើមួយ ដើម្បីឲ្យមានការផ្អាកការអនុវត្តទណ្ឌកម្មប្រឆាំងនឹង Huawei នៅក្នុងលិខិតមួយផ្ញើជូនអនុប្រធានាធិបតី អាម៉េរិក លោក ម៉ៃក៍ ផេន (Mike Pence) និងសមាជិកសភាអាម៉េរិកជាច្រើននាក់ទៀត
ការស្វះស្វែងរបស់លោក Vought ក្នុងការជំរុញឱ្យមានការពន្យារពេលអនុវត្តន៍ការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន Huawei នាពេលនេះ ត្រូវបានធ្វើឡើងស្របពេលដែល ទីក្រុងប៉េកាំងទើបតែចេញសារព្រមានក្រុមហ៊ុនបរទេស ដែលកំពុងរកស៊ីនៅក្នុងទឹកដីចិនទាំងអស់ថា អាចនឹងជួបផលវិបាកធ្ងន់ធ្ងរ បើសិនជាហ៊ានចូលរួមជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។

ហើយនៅក្នុងលិខិតដដែល លោក Vought ក៏បានសង្កត់ធ្ងន់យ៉ាងដូច្នេះដែរថា «ខណៈរដ្ឋបាលអាម៉េរិកទទួលស្គាល់ពីសារៈសំខាន់ ក្នុងការដាក់បម្រាមមួយចំនួនលើក្រុមហ៊ុន Huawei ដោយសំអាងលើបញ្ហាសន្តិសុខជាតិក៏ដោយ ប៉ុន្តែទីភ្នាក់ងារអាម៉េរិកនានា នៅតែមានការព្រួយបារម្ភដដែលពីផលប៉ះពាល់ ដ៏ខ្លាំងក្លាលើម្ចាស់ភាគហ៊ុនទាំងអស់ ដែលជាប់ពាក់ព័ន្ធ»។

ការលើកឡើងរបស់មន្ត្រីជាន់អាម៉េរិកបែបនេះ គឺចង់សំដៅទៅលើការកាត់ បន្ថយយ៉ាងគំហុកនូវចំនួនក្រុមហ៊ុន ដែលអាចធ្វើការផ្គត់ផ្គង់សេវានានាដល់រដ្ឋាភិបាលអាម៉េរិក ដោយសារតែការជាប់ទណ្ឌកម្ម។
គួរជម្រាបថា ក្រសួងពាណិជ្ជកម្មអាម៉េរិកកាលពីខែឧសភា បានដាក់បញ្ចូល Huawei និងសាខាជាង ៧០ របស់ក្រុមហ៊ុនចិនមួយនេះក្នុងបញ្ជីខ្មៅ ដោយសារព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ ជាពិសេសពាក់ព័ន្ធនឹង ការស៊ើបការណ៍សំងាត់ឱ្យរដ្ឋាភិបាលចិន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner