ម្ចាស់ក្លិបកម្សាន្ត លុច្សសារី កំពុងត្រូវតាមចាប់ខ្លួន ចំណែកជនសង្ស័យ១៧នាក់ ត្រូវបានបញ្ជូនទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរ បាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនមនុស្សជាង៤០០នាក់ នៅក្នុងក្លិបកម្សាន្ត លុច្សសារី (Luxurious) សមត្ថកិច្ចជំនាញ នឹងបញ្ជូនខ្លួនមនុស្សចំនួន១៧នាក់ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ចំណែកអ្នកមិនពាក់ព័ន្ធ នឹងត្រូវអនុញ្ញាតឲ្យទៅផ្ទះវិញ។

ឯកឧត្តមស្នងការបានបញ្ជាក់ថា «យើងនឹងបញ្ជូនខ្លួនជនសង្ស័យ ១៧នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើស សម្រួលឲ្យប្រើប្រាស់ និងចែកចាយ គ្រឿងញៀនដោយខុសច្បាប់។ ដោយឡែក ចំពោះម្ចាស់ទីតាំង យើងកំណត់អត្តសញ្ញាណបានហើយ និងកំពុងបន្តស្រាវជ្រាវតាមនីតិវិធី »។

សូមជម្រាបជូនថា កាលវេលាទាបភ្លឺថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរ បាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង ក្លិបកម្សាន្ត លុច្សសារី (Luxurious) មានទីតាំងនៅផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ សារធាតុញៀនមួយចំនួនធំ និងឃាត់ខ្លួនបានមនុស្ស ចំនួន ៤១៧ នាក់ (ស្រី១៨១នាក់) យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកទីតាំង ក្លិបកម្សាន្ត លុច្សសារី (Luxurious) ត្រូវសមត្ថកិច្ចសម្រេច បិទទ្វារជាបណ្តោះអាសន្ន ៕ធ.ដ






