សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះសពលោកជំទាវ ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតអគ្គលេខាធិការរដ្ឋសភា

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះសពលោកជំទាវ ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតអគ្គលេខាធិការរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៥:៣០នាទីរសៀល ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ។

សពរបស់លោកជំទាវ ត្រូវបានរៀបចំពិធីបញ្ចុះសព នៅវត្តព្រះសុគន្ធមានបុណ្យ ដែលស្ថិតនៅក្នុងភូមិម្លូរម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កាកបាទក្រហមកម្ពុជា ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសនោះដែរ ក៏មានរៀបចំពិធីយាងនិមន្តព្រះសង្ឃស្វាធ្យាយព្រះសត្តប្បករណ៍ កង្ហែប្រទក្សិណសពបីជុំចេតិយជាឧត្តរាព័ត៌ ដោយគ្រួសារនៃសព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឡើងអានវិយោគកថា និងជីវប្រវត្តិ ពិធីគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ ពីសម្ដេច ឯកឧត្ដម លោកជំទាវ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ។

មរណៈភាពរបស់លោកជំទាវផ្លេក ភិរុណ គឺជាការបាត់បង់នូវកុលធីតាខ្មែរដ៏ឆ្នើមមួយរូប ដែលបានចំណាយពេលវេលាស្ទើរពេញមួយជីវិតក្នុងការបម្រើប្រទេសជាតិ និងប្រជារាស្រ្តដោយឥតនឿយណាយរហូតដល់ថ្ងៃអវសានជីវិត។ រូបកាយលោកជំទាវ ផ្លេក ភិរុណ បានបាត់បង់ទៅក៏ពិតមែន តែគំរូវីរភាពដ៏ថ្លៃថ្លា ក្នុងការរួមចំណែកបម្រើជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់ថ្ងៃអវសាននៃជីវិត បានស្ថិតនៅដក់ជាប់ក្នុងសន្តានចិត្តមហាជន និងសហការីរួមការងារ ព្រមទាំងញាតិមិត្ត បងប្អូនទាំងអស់ជានិច្ចនិរន្តរ៍។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីរាជការ ញាតិមិត្ត នឹងគ្រួសារនៃសពបូជាផ្កាចំពោះសព ជាកិច្ចគោរពនាគ្រាមច្ឆាមរណៈ ព្រមទាំងផ្តល់កិត្តិយស ផ្តល់ព្រះធរណីចំពោះសពផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner