ជនសង្ស័យ៥នាក់ រួមជាមួយថ្នាំញៀនចំនួន៥១៩កញ្ចប់ ត្រូវបាននគរបាល ខណ្ឌដូនពេញឆ្មក់បង្ក្រាបបាននៅផ្លូវររថភ្លើង
ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីរលោកវរសនីយ៍ឯក ទៀង ច័ន្ទសារ អធិកាដ្ឋាននគរបាខណ្ឌដូនពេញ លោក ម៉ៅ ចាន់ថុន អធិការរងខណ្ឌទទួលផែនបង្ក្រាបគ្រឿងញៀន បានដឹកនាំកម្លាំងចុះប្រត្តិបត្តិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងដែលបង្កប់ការជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតថ្នាំញៀនបានចំនួន៥១៤កញ្ចប់តូច និងធំចំនួន៥កញ្ចប់។

ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើងសំណង់មិនរៀបរយ ក្រុម៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតរួមមានក្រាមថ្លាពណ៌ស ចំនួន៥១៤កញ្ចប់តូច និងធំចំនួន៥កញ្ចប់ ព្រមទាំងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីសាកសួរ និងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ធ.ដ

