សហព័ន្ធកីឡាសីដក់កម្ពុជា បញ្ជូនអត្តពលិក៧រូប ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកអាស៊ីនៅទីក្រុងគន់មីង ប្រទេសចិន

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានសហព័ន្ធកីឡាសីដក់កម្ពុជា ឯកឧត្តមបណ្ឌិត មាស សារិន បានជំរុញលើកទឹក និងណែនាំឲ្យអត្តពលិកកីឡាសីដក់កម្ពុជា ដែលត្រូវទៅចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី នៅទីក្រុងគន់មីង សាធារណរដ្ឋប្រជាមានិតចិន ពីចាប់ពីថ្ងៃ ១០ដល់១៥ ខែមិថុនា ត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពនាំយកជ័យជម្នះមកកម្ពុជាវិញ ដើម្បីលើកទឹកចិត្ត និងតបស្នងដល់សប្បុរសជនដែលជួយគាំទ្រឧបត្ថម្ភ។ ប្រធានសហព័ន្ធរូបនេះ បានមានប្រសាសន៍ ក្នុងពិធីសំណេះសំណាលជាមួយអត្តពលិកសីដក់កម្ពុជា៧រូប មុនចេញដំណើរទៅចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី នៅទីក្រុងគន់មីង សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមប្រធានសហព័ន្ធ ក៏បានណែនាំឲ្យអត្តពលិកយកត្រូវចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសុខភាព ត្រូវសម្រាកឲ្យគ្រប់គ្រាន់ ដើម្បីត្រៀមកម្លាំងប្រកួតឲ្យបានល្អ ព្រោះសុខភាព គឺជាកក្តាមួយសំខាន់មួយដែលនាំឲ្យយើងអាចឈ្នះការប្រកួតបាន ប្រសិនបើសុខភាពមិនល្អកម្លាំងក៏ធ្លាក់ចុះ និងធ្វើឲ្យការប្រកួតបរាជ័យជាក់ជាមិនខាន។

ដូច្នោះអត្តពលិកទាំងអស់ ត្រូវត្រៀមខ្លួនឲ្យល្អ ដើម្បីប្រកួតដណ្តើមយកជ័យជម្នះមកជូនកម្ពុជាលើកមុខមាត់សហព័ន្ធ និងអត្តពលិកខ្លួនឯង។ នៅក្នុងឱកាសនោះ ឯកឧត្តម មាស សារិន បានប្រកាសតែងតាំងលោកឧកញ៉ា លី ហួត ជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាសីដក់កម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាមួយឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងដំណើរចេញទៅចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ី នៅទីក្រុងគន់មីង សាធារណរដ្ឋប្រជាមានិតចិន របស់អត្តពលិកសីដក់កម្ពុជាលើកនេះ ក្រៅពីការឧបត្ថម្ភរបស់ក្រសួងអប់រំយុវជន និងកីឡា ក៏មានការជួយឧបត្ថម្ភថវិកាជាង៣០០០ដុល្លារ ពីសប្បុរសជន ដែលជាសមាជិករបស់សហព័ន្ធសីដក់ ដូចជា ឯកឧត្តម មាស សារិន ២០០ដុល្លារ លោកជំទាវឧត្តមសេនីយ៍ឯក លឹម ម៉ារី ៣០០ដុល្លារ ឯកឧត្តមឧកញ៉ា ផែ ហ៊ុកឈួន ១០០០ដុល្លារ លោកឧកញ៉ា លី គង់ហុង ៣០០ដុល្លារ លោក រ៉ា គ្រី ៣០០ដុល្លារ និងលោកឧកញ៉ា លី ហួត អនុប្រធានកិត្តិសថ្មី ចំនួន៥០០ដុល្លារផងដែរ។

សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកស៊ី នៅទីក្រុងគន់មីង សាធារណរដ្ឋប្រជាមានិតចិន គឺចាប់ផ្តើមប្រកួតពីថ្ងៃទី១០ ដល់១៥ ខែមិថុនា ឆ្នាំ២០១៩ មានចំនួន១៧ ប្រទេសចូលរួម ក្នុងនោះ កម្ពុជាបញ្ជូន៧រូប កីឡាករ៥រូប ប្រធានប្រតិភូ១រូប គ្រូបង្វឹក១រូប នឹងចេញដំណើរនៅថ្ងៃទី៨នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner